ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់

30

រាជធានីភ្នំពេញ ៖ ករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រតិបត្តិការនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន។

សូមជម្រាបថា កាលពីនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២៖៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។

ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យចំនួន ០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹតកជនរងគ្រោះ ប៉ុន្តែឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់ រត់គេចខ្លួនបាត់តែម្ដង។

លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានយើងបានដឹកនាំសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

*ទី២៖ ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នកម្លាំងនាយកដ្ឋានយើង កំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ដើម្បីនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង