ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ចូលជួបសម្ដែងការគួរសម ឯកឧត្តម ផាម មិញជិញ

54

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានបង្ហាញការស្វាគមន៍ចំពោះវត្តមានសម្ដេចក្រឡាហោម និងគណៈប្រតិភូ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយករដ្ឋមន្ត្រី ផាម មិញជិញ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូក្រសួងមហាផ្ទៃ នាឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្ដម នាយករដ្ឋមន្ត្រី ផាម មិញជិញ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម។ ឯកឧត្ដម នាយករដ្ឋមន្ត្រី ផាម មិញជិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ និងបានលើកទឹកចិត្តខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាមនាឆ្នាំ២០២៣។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង