ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យទន្លេលេីកទី៧ ថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យេីង ដេីម្បីបច្ចុប្បន្ន និងអនាគត”

36

ភ្នំពេញ៖ សារលិខិត​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាឱកាសពិធីបុណ្យទន្លេលេីកទី៧​ ថ្ងៃទី០៨-១០​ ខែមីនា​ ឆ្នាំ២០២៣​ នៅខេត្តកំពង់ធំ​ ក្រោមប្រធានបទ​“ទន្លេរបស់យេីង​ ដេីម្បីបច្ចុប្បន្ន​ និងអនាគត”។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់នូវការវិវឌ្ឍយ៉ាងច្រើនទាំងក្នុងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រជាជនកម្ពុជាបានកំពុងរីករាយ ជាមួយសមិទ្ធផលដែលកើតចេញមកអំពីសន្តិភាព ហើយតាមរយៈមនុញ្ញផលនៃសុខសន្តិភាពនេះហើយ ដែល បានផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាបន្តការខិតខំ ដើម្បីក្រោកឈរឡើង ធ្វើឱ្យប្រទេសកម្ពុជាមានការលូតលាស់ ក្នុងអត្រានៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។

ក្នុងន័យនេះ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០-២០២១ ប៉ុន្តែកម្ពុជាបានទទួលជោគជ័យ ក្នុងការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២កន្លងមក។ វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងភាព ម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និង ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៣។

ផ្លែផ្កានៃសន្តិភាព ក៏បានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចណ៍វប្បធម៌ និងធម្មជាតិ ហើយ ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា “មាសបៃតង” សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន កម្ពុជា។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក វិស័យនេះក៏បានបង្ហាញភាពធន់នឹងវិបត្តិ ក្រោមវិធានការអន្តរាគមន៍ជាច្រើនរបស់រាជរដ្ឋាភិបាល។

ដោយឡែក ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្ន ដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គាជាដើម។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។

ក្នុងន័យនេះ ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជា ខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយ តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។

រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសពិធីដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និង មធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យទន្លេលើកទី៧ឆ្នាំនេះ និង ពិធីបុណ្យទន្លេជាបន្តបន្ទាប់ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូមរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋាន គ្រឹះមិនអាចខ្វះបានក្នុងការធានានូវវិបុលភាពជូនប្រជាជន និងប្រជាជាតិ ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យទន្លេនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មី មួយទៀតក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក ក្នុងការផ្ដល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និង របស់កម្ពុជា បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។ ខ្ញុំសូមជូនពរឱ្យការប្រារព្ធ ពិធីបុណ្យទន្លេ នាឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង