ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លូវ៉ានី បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក

98

ដូហា,កាតា៖ លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការបរទេស​ស្លូវ៉ា​នី បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យមួយចំនួនមានដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យទេសចរណ៍ ដើម្បីផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជាជននៃប្រទេស​ទាំង​ពីរ។

លោកស្រី Tanja Fajon បានបង្ហាញបំណងនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅមជ្ឍមណ្ឌលសន្និបាតជាតិកាតា (Qatar National Convention Centre) ក្នុងទីក្រុងដូហា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបនេះធ្វើឡើង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធានទឹក និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋស្លូវ៉ានី។

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបលោកស្រី Tanja Fajon អំពីសមិទ្ធិផលថ្មីៗដែល​កម្ពុជា​សម្រេចបាន​ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​កាលពីឆ្នាំ​២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលធំៗជាច្រើនមកពីទូទាំងសកលលោក។

លោករដ្ឋមន្ត្រី ក៏បានជម្រាបលោកស្រី និងសហការីអំពីសមិទ្ធផលដែល កម្ពុជាសម្រេចបាននាពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ​ខាង (CKFTA)។ បន្ថែមពីលើនេះ កម្ពុជាកំពុងត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ភាពជាដៃ​គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នាពេលខាងមុខដ៏ខ្លីផងដែរ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមន្សរីករាយ​ដែលបានជួបសំណេះសំណាល​ការងារជាមួយលោករដ្ឋមន្ត្រី។ លោកស្រី បានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មានការថមថយ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបមួយចំនួន​បាននឹងកំពុងផ្តោតការចាប់​អារម្មណ៍មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុងនោះប្រទេសស្លូវ៉ានី បានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរ​ខ្លាំង​ចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។

លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែល​បានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកស្រី ក៏បានបង្ហាញអំពីគោលបំណងក្នុងការបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងបានគោរពអញ្ជើញលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្លូវ៉ានីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង