ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតលើកយកប្រធានបទចំនួន៥ មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាសំណល់រឹង-សំរាម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

82

 

ភ្នំពេញ៖ ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាសំណល់រឹង-សំរាម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗជាដើម។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៣នេះ នៅ
សណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ។ បន្ថែមពីនេះ លោកឃួង ស្រេង ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញអោយក្លាយជាទីក្រុងស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តានិងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានការងារសេសសល់ និង បញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទៀមទាអោយក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ ។

អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពីតំណាងក្រុមការងារថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាន, មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន ៖ ប្រធានបទទី១ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។ ប្រធានបទទី២ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។ ប្រធានបទទី៣ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២ ។ ប្រធានបទទី៤ ៖ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើ អធិការកិច្ចហត្ថពលករបរទេស និងប្រធានបទទី៥៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា សំណុំកិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅ ធានាសុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង