ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង៦៨០០លានដុល្លារ

61

ភ្នំពេញ៖ យោងតាមរបាយកាណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦៨០០ លានដុល្លារអាមេរិក ថយចុះប្រមាណជាង ២១ ភាគ រយ បើធៀបទៅរយៈពេលដូចគ្នា និងឆ្នាំ២០២២ ។

របាយការណ៏បានបង្ហាញការនាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣ នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់ប្រមាណជាង ៣២៨៥លានដុល្លារអាមេរិក ថយចុះ៨ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣៥៦២លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ៖ នៅក្នុងរយៈពេល ២ខែនេះ ការនាំចេញទំនិញរបស់កម្ពុជា រួម មាន៖ ការនាំចេញម៉ាស៊ីន និងឧបករណ៍ អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៥៧លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, ធញ្ញជាតិ ជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម ជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និង គ្រាប់ផ្លែឈើ ជាង១០៦លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ,កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤លានដុល្លារ កើនឡើង ៦៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ។
ដោយឡែកការនាំចេញផលិតផល សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញ មានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ,ស្បែកជើង ស្រោម ជើង និង ផលិតផល ប្រហាក់ប្រហែល ជាង២០០លានដុល្លារ ថយចុះជាង២៧ ភាគរយ ក្រៅពីការនាំចេញ ខាងលើនេះ កម្ពុជាបាននាំចេញផលិតផលផ្សេងៗ ជាច្រើនទៀត ។
ចំណែកពាណិជ្ជកម្ម ជាមួយប្រទេសផ្សេងៗ នៅក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ កម្ពុជា បាន នាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់ការនាំចេញទៅ សហរដ្ឋ អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង១១២៩ លានដុល្លារ ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ លានដុល្លារ ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ កើនជិត២ ភាគរយ, ថៃជាង ២០៤ លានដុល្លារ កើន ១៣ ភាគរយផងដែរ ក្រៅពីនេះកម្ពុជាបាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែល ជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា៕. សំរិត

អត្ថបទដែលជាប់ទាក់ទង