ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ច្រានចោលការផ្សាយរបស់ជនក្បត់ជាតិ និងអំពាវនាវឱ្យពលរដ្ឋសាមគ្គីគ្នាការពារសុខសន្តិភាព

62

 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលការផ្សាយរបស់​ជនក្បត់​ជាតិតជំនាន់ សម រង្ស៉ី ក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម។

ត្រកូលក្បត់ជាតិជំនាន់ទី៣ សម រង្ស៉ី នៅថ្ងៃនេះ បានបង្កើតព័ត៌មានក្លែងក្លាយ និងទុច្ចរិតលើ​ទំព័រ​ហ្វេសប៊ុក ដោយអំពាវនាវពលរដ្ឋឱ្យគាំទ្រសម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាព​នាយក​រដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសប្រឆាំងដាច់ខាតចំពោះការផ្សព្វផ្សាយនេះ។ សម្តេច ទៀ បាញ់ ចាត់ទុកការផ្សាយនេះ មានចេតនាញុះញង់បំបែកបំបាក់ជាតិ។

«ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ផងដែរថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារ​ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែក​របស់បរទេស​ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកល​ទុច្ចរិតរបស់ពួក​ប្រឆាំងជ្រុល​និយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយ​ព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គម​ជាតិ​មិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅ​ប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផល​នៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង