ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំខែកុម្ភៈ ចំនួន៥៨០ករណី ឃាត់ខ្លួន ១៤០០នាក់ និងសារធាតុញៀនមានទម្ងន់ជាង ៣០គីឡូក្រាម

130

 

ភំ្នពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបានសរុបមានចំនួន៥៨០ករណី ឃាត់ខ្លួនមនុស្សចំនួន ១៤០០នាក់ (ស្រី៨៣នាក់) និង៣០ដីកា ឃាត់ខ្លួន ៣០នាក់ (ស្រី ០១) និងវត្ថុតាងគ្រឿងញៀនចាប់យកមានសារធាតុញៀនមានទម្ងន់សរុប ៖ ៣០គីឡូក្រាម ៣១៦,៦៤ក្រាម។

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំខែកុម្ភៈ និងផ្សព្វផ្សាយទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបសភាពការណ៍ និងបទអន្តរាគមន៍ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំខែកុម្ភៈ និងបញ្ហាប្រឈមួយចំនួនរបស់លោកនាយការិយាល័យទាំង១១ និងការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ សេរីបុត្រ សត្យា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យាទាំង១១ និងបានឯកភាពរនូវរបាយការណ៍ និងកិច្ចប្រតិបត្តិការណ៍បង្រ្កាបបទល្មើសគ្រឿងញៀនប្រចាំខែកុម្ភៈ ព្រមទាំងបានផ្សព្វផ្សាយទិសដៅការងារប្រចាំខែមីនា សម្រាប់ឆ្នាំ២០២៣ ចំនួន ៩ចំណុចរួមមាន ៖

១-មន្ត្រីទាំងអស់ ត្រូវអនុវត្តន៍តាមនីតិវិធីច្បាប់ រាល់ពេលចុះធ្វើការបង្រ្កាបករណីទាំងអស់ និងត្រូវរាយការណ៍ជូនព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាន។
២-ត្រូវរាយការណ៍ជូន នាយកមន្ទីរ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន ពេលចុះប្រតិបត្តិការ និងមានវិធានត្រឹមត្រូវតាមនីតិវិធីច្បាប់។
៣-ហាមដាច់ខាតមានការផ្ទុះអាវុធដោយគ្មានបទបញ្ជាពីថ្នាក់ដឹកនាំ។
៤-ហាមធ្វើទារុណកម្មទៅលើជនសង្ស័យ រាល់គ្រប់រូបភាពទាំងអស់ ជាពិសេសពេលសួរចម្លើយ។
៥-បញ្ជូនជនសង្ស័យមកដល់មន្ទីរប្រឆាំងគ្រឿងញៀន ត្រូវរាយការណ៍ និងថតរូបជាមួយវត្ថុតាង។

៦-ត្រូវបែងចែកឱ្យច្បាស់ថា ចំពោះជនសង្ស័យ ក្នុងករណីប្រើប្រាស់ ឬករណីជួញដូរ ប្រសិនបើមិនជាប់ទាក់ទងនឹងបទល្មើស ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
៧-រាល់ករណីមានការឆែកផ្ទះ បន្ទប់ ខុនដូរ ត្រូវមានការឯកភាពពីលោកព្រះរាជអាជ្ញាជាដាច់ខាត។
៨-ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល តាមមាត្រា៦០ និង៦១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
៩-មន្ត្រីនៅអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ត្រូវស្លៀកពាក់ឱ្យបានសមរម្យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍សង្កត់ធ្ងន់នូវបទបញ្ជាដែលបានដាក់ចេញថា គ្រប់ការិយាល័យទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវចេះរក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះសហការគ្នា មិនត្រូវទម្លាយផ្ទៃក្នុងរបស់អង្គភាព ឬអ្នកនៅក្នុងអង្គភាពនោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវគោលការណ៍អនុវត្តន៍បន្តចំនួន ១២ចំណុចដូចខាងក្រោម ៖
១-ឯកភាពនូវរបាយការណ៍សង្ខេបបូកសរុបប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២៣ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
២-មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវដំឡើងតារាងអ្នកប្រើប្រាស់គ្រឿងញៀនទៅតាមបណ្តារាជធានី-ខេត្ត ដើម្បីធ្វើសម្រង់ស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀន។

៣-រាល់ការចុះបង្រ្កាបបទល្មើសគ្រឿងញៀន ត្រូវមានវិធានការជំនាញដាច់ខាត។
៤-ការចុះប្រត្តិបត្តិការបង្រ្កាបគ្រឿងញៀន ត្រូវអនុវត្តន៍តាមបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ។
៥-ការចុះប្រត្តិបត្តិការបង្រ្កាបគ្រឿងញៀន ត្រូវមាននាយករងមន្ទីរដឹកនាំទទួលខុសត្រូវចំពោះមុខច្បាប់។
៦-មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរការិយាល័យធ្វើការ ដោយចាប់តាំងពីតួនាទីនាយករងមន្ទីររហូតដល់មន្ត្រី
៧-ការិយាល័យអន្តរាគមន៍ត្រូវធ្វើបញ្ជីឈ្មោះជនសង្ស័យឱ្យបានច្បាស់លាស់

៨-ប្រធានការិយាល័យទាំង១១រូប ត្រូវដឹកនាំគ្រប់គ្រងមន្រ្តីរបស់ខ្លួនឲ្យបានហ្មត់ចត់
៩-ពេលបញ្ជូនជនប្រើប្រាស់គ្រឿងញៀន ទៅមណ្ឌលអប់រំកែប្រែ ដាច់ខាតត្រូវធ្វើនីតិវិធីតាមច្បាប់ប្រគល់សម្ភារប្រើប្រាស់ឱ្យទៅខាងក្រុមគ្រួសារវិញជាដាច់ខាត។
១០-ត្រូវពង្រឹងការអនុវត្តវិន័យ ក្រមសីលធម៌ មនសិការវិជ្ជាជីវដល់កងកម្លាំងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
១១-ស្នើឱ្យបើកវគ្គខ្លីបំពាក់បំប៉នជំនាញអនុវត្តន៍ច្បាប់ នៅតាមការិយាល័យ។
១២- ស្នើឱ្យបើកវគ្គមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រី នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបានសរុបមានចំនួន៥៨០ករណី ឃាត់ខ្លួនមនុស្សចំនួន ១៤០០នាក់ (ស្រី៨៣នាក់) និង៣០ដីកា ឃាត់ខ្លួន ៣០នាក់ (ស្រី ០១) និងវត្ថុតាងគ្រឿងញៀនចាប់យកមានសារធាតុញៀនមានទម្ងន់សរុប ៖ ៣០គីឡូក្រាម ៣១៦,៦៤ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង