ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចព្រះមហាក្សត្រីព្រះរាជសារ ក្នុងឱកាសអបអរសាទរ ខួបលើកទី ១១២ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣

44

ភ្នំពេញ ៖ ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី ១១២ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះរាជបន្ទូលថា នាឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងខ្ញុំម្ចាស់ ខ្ញុំព្រះកុរណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្វាយនូវក្តីគោរពសក្ការ: សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និង ជម្រាបសួរសុខទុក្ខ ព្រមទាំងសូមផ្ញើក្ដីនឹករឭក ដល់បងប្អូន កូនចៅ ចៅទួតទាំងអស់ នៅទូទាំងប្រទេស ដែល ជានិច្ចកាលតែងតែនឹករឭក គោរពស្រឡាញ់ ផ្ដល់នូវក្តីស្វាមីភ័ក្ត និងក្ដីកតញ្ញូ ដ៏ជ្រាលជ្រៅថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងរូបខ្ញុំព្រះករុណាផ្ទាល់ ដែលកាយវិការដ៏វិសេស វិសាលនេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ ចងចាំ និងគោរពស្រឡាញ់ មិនអាចបំភ្លេចបាន។

ក្នុងទិវាដ៏ថ្លៃថ្លានេះសម្តេចព្រះមហាក្សត្រី សូមសម្តែងនូវការកោតសរសើរ និងសូមគាំទ្រការលើក យកប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃន ការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។
ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ អាស្រ័យ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបានផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ ជាកូនចៅ ចៅទួតបានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុង ការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណីដោយសេរី និងទទួលបាននូវកិច្ចគាំពារសង្គមដ៏ ទូលំទូលាយ និងស្មើភាពគ្នា។
ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ បានកត់សម្គាល់ឃើញថា ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុង ការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពី កិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែកយ៉ាង សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាក៏ត្រូវបាន លើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច-សង្គមពី វិបត្តិកូរីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ ។ ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បី ធានាថាប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូល រួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលបាននឹងកំពុងវិវត្តន៍ទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅត ជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។

ព្រះរាជាណាចក្រកម្ពុជា ថែរក្សាបានយ៉ាងម៉ត់ចត់ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិប តេយ្យ បានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សម្រេចបានសមិទ្ធផល ថ្មីៗប្រកបដោយមោទនភាព ទោះបីយើងត្រូវជួបប្រទះបញ្ហាប្រឈមយ៉ាងច្រើន ជាពិសេសការឆ្លងរាតត្បាតន ជំងឺកូវីដ-១៩ និងការវិវត្តិដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមអ៊ុយក្រែន- -រុស្សីក្តី ។ ព្រមជាមួយនេះកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ស្របពេលដែលកម្ពុជា បានអនុវត្តតួនាទីជាប្រធានអាស៊ានប្ដូរវេនប្រកបដោយជោគជ័យ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ សូមសម្ដែងការកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ចំពោះការយកចិត្ត ទុកដាក់អនុវត្តគោលនយោបាយ និងវិធានការ ផ្ការីកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលធ្វើឱ្យកម្ពុជាបានកាត់ បន្ថយហានិភ័យខ្ពស់ចំពោះប្រជាពលរដ្ឋអំពីការបាត់បង់ជីវិត ព្រមទាំងកម្មវិធីយុទ្ធសាស្ត្រ ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាក្រោកឈរឡើងវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ខ្ញុំសូម កោតសរសើរ និងអរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានដឹកនាំកម្មវិធីមនុស្សធម៌ និងសកម្មភាពនៅក្នុងវិស័យសុខាភិបាល ដែលបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងមិនទុកនរណា ម្នាក់ឱ្យនៅឯកោ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះរាជបន្ទូលអរគុណដ៏ជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ដែលបាននឹងបន្ត ខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាល ដើម្បីរួមគ្នាកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សម្តេចព្រះមហាក្សត្រី ក៏សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី គ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដ៏ថ្លៃថ្លា ដើម្បី ស្រ្តីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ ព្រមទាំងរក្សាបាននូវតម្លៃ និងភាពថ្លៃថ្នូរ តាមរយៈការក ប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ និងចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមដោយ ជួយជំរុញការកសាង និងអភិវឌ្ឍសមត្ថភាពស្ត្រី ក៏ដូចជាការផ្ដល់ឱកាសឱ្យស្ត្រីចូលរួមប្រកបដោយសមធម៌ សមភាព ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ។ ជាមួយគ្នានេះ សូមអំពាវនាវ និងលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធបន្តអនុវត្តការងារនេះ និងបន្តយកចិត្តទុកដាក់ ព្រមទាំងបង្កឱកាសឱ្យស្ដីនិងក្មេងស្រី បានចូលរួម និងទទួលបាននូវអត្ថប្រយោជន៍ក្នុងយុគសម័យឌីជីថល ដើម្បីវិបុលភាព និងសេចក្តីសុខចម្រើន របស់ជនរួមជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង