ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលកាន់កាប់លើដី ដែលមានប្លង់កម្មសិទ្ធិរបស់គេជាង ១០០ គ្រួសារ បានព្រមទទួលយកដំណោះស្រាយ ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ

54

 

ព្រះសីហនុ៖ ប្រជាពលរដ្ឋដែលកាន់កាប់លើដីដែលមានប្លង់កម្មសិទ្ធិរបស់គេជាង ១០០ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានព្រមទទួលយកដំណោះស្រាយ ដែលរៀបចំដោយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ បានឲ្យដឹងថា គ្រួសារប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយដីឡូត៍ទំហំ ៥ម៉ែត្រ×២០ម៉ែត្រ ក្រោមសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

នាយកទីចាត់ការអន្តរវិស័យ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋបានឯកភាពរុះរើផ្ទះ និងរបង ព្រមទាំងឯកភាពជូនក្រុមការងារខេត្ត ដើម្បីប្រើប្រាស់គ្រឿងចក្រក្នុងការឈូសឆាយ សម្រាប់ការរៀបចំដីឡូត៍ ក្នុងបរិវេណដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០២៩ ដោយស្ម័គ្រចិត្ត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបែងចែកដីឡូត៍នៅលើទីតាំងដីដែលបងប្អូនប្រជាពលរដ្ឋបានកាន់កាប់កន្លងមក។

លោកថាចំពោះទីតាំងដី ផ្ទះសំបែង របងថ្ម នៅក្នុងបរិវេណដីមានខាងលើ បងប្អូនប្រជាពលរដ្ឋឯកភាពរុះរើដោយខ្លួនឯង ក្នុងករណីការរុះរើរបស់បងប្អូនមាននៅសេសសល់សំណង់រឹងមាំផ្សេងៗលើទីតាំងដែលបានកាន់កាប់កន្លងមក បងប្អូនប្រជាពលរដ្ឋយល់ព្រមជូនក្រុមកាងាររដ្ឋបាលខេត្ត ធ្វើការរៀបរយឈូសឆាយដោយពុំមានការជំទាស់អ្វីឡើយ។

ក្រោមគោលការណ៍ដោះស្រាយយុទ្ធសាស្ត្រឈ្នះឈ្នះបងប្អូនប្រជាពលរដ្ឋទាំងអស់បានទទួលយកនឹង បានសំដែងការសាទរ និងថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងាររដ្ឋបាលខេត្តដែលបានដោះស្រាយដោយយុត្តិធម៌ជូនពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង