ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ុន ចាន់ថុល៖ គម្រោងផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ ធ្លាម្អម នឹងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា

55

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកំណាត់ ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) នឹងរៀបចំពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងនាឱកាសអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «គម្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោ ភ័ណ ទៅដល់ក្រុងប៉ោយប៉ែត ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣»។
លោកទេសរដ្ឋមន្ដ្រី សង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ។
ក្នុងជំនួបនោះដែរ លោកស្រី Kamei Haruko បានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA  ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។
លោកស្រី បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង