ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលបានសម្រេចបង្កើនខ្ទង់ចំណាយ ៧លានដុល្លារទៀត សម្រាប់ការស្នាក់នៅ និងហូបចុក របស់គណៈប្រតិភូនានា ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

39

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនខ្ទង់ចំណាយ ៧លានដុល្លារទៀត សម្រាប់ការស្នាក់នៅ និងហូបចុក របស់គណៈប្រតិភូនានា ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សម្តេចតេជោ ហ៊ុន សែន ប្រកាសបែបនេះនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចំណាយ ៧លានដុល្លារបន្ថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេសដែលមកប្រកួតនៅកម្ពុជា។ ជាធម្មតាគេយកយើង ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃ ពេលកីឡាកររបស់យើងទៅប្រកួតនៅគេ ប៉ុន្តែយើងអត់ឲ្យបង់ថ្លៃទេ គឺទទួលចិញ្ចឹមគេតែម្តង»

ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែម ដល់ប្រតិភូកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៉ីហ្គេម នាពេលកន្លងមក។

ការសម្រេចមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃស្នាក់នៅ និងហូបចុក ពីប្រតិភូមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះ អាចជាគំនិតផ្តួចផ្តើម ពេលកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ស៉ីហ្គេមនៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។ ប៉ុន្តែ សម្តេចតេជោ ក៏អះអាងថា សម្រាប់អ្នកគាំទ្រមកពីក្រៅប្រទេស ត្រូវរ៉ាប់រងថ្លៃសណ្ឋាគា ហូបចុក និងធ្វើដំណើរដោយខ្លួនឯង។

សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ដើមឡើយ គម្រោងចំណាយរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានចំនួន ១២៤លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង