ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បម្រុងនឹងឡើងយន្តហោះ ត្រឡប់ទៅស្រុកវិញ ត្រូវចោរឆក់កាបូប អស់លុយ ជាង៣ម៉ឺនដុល្លារ ទាំងព្រលឹម

115

ភ្នំពេញ៖ លុយប្រមាណជាង៣ម៉ឺនដុល្លារ ត្រូវបានក្រុមជនសង្ស័យ មានគ្នា៤នាក់ ធ្វើសកម្មភាពឆក់យកទៅបាត់ ខណៈដែលម្ចាស់លុយ ដែលជាជនបរទេសជិះម៉ូតូ ឡាំប្រុយតា (ឥណ្ឌា) គោលបំណង ឡើងយន្តហោះហើយ ត្រូវក្រុមចោរ ឆក់យកកាបូបលុយ ទៅបាត់ដោយសុវត្ថិភាពនោះ។

អំពើឆក់យកកាបូបលុយ បានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមការឲ្យដឹងពីជនរងគ្រោះ ដែលជាជនបរទេស ចេះនិយាយភាសាខ្មែរខ្លះៗ បានឲ្យដឹងថា រូបគាត់មកស្នាក់ នៅស្រុកខ្មែរច្រើនឆ្នាំមក ហើយដោយប្រកបមុខរបរជាអ្នកជំនួញ ។ ពាក់ព័ន្ធករណីឆក់ខាងលើនេះ ជនរងគ្រោះបញ្ជាក់ថា នៅមុនពេលកើតហេតុរូបគាត់ បានធ្វើដំណើរ ចេញពីផ្ទះរបស់គាត់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ តាមឡាំប្រុយតា ឥណ្ឌា ក្នុងគោលដៅឆ្ពោះ ទៅកាន់ព្រលានយន្តហោះភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសកំណើត របស់គាត់វិញ។ លុះដល់ចំណុចស្តុបផ្សាដើមគរ ផ្លូវព្រះមុន្នីរ៉េត ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយរបស់គាត់ ដែលមានលុយជាង៣០.០០០ដុល្លារ ទោះបីជនរងគ្រោះ បានប្រតាយប្រតប់ ជាមួយក្រុមចោរ នោះក៏ដោយ ក៏ក្រុមចោរយកទៅបានដោយសុវត្ថិភាព។

ក្នុងហេតុការណ៍នេះផងដែរ ក៏បណ្តាលឲ្យជនបរទេសរូបនេះ រងរបួសរលាត់ដៃរលាត់ជើង។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលបឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ច តាមចាប់ជនសង្ស័យ មកដាក់ទោសទៅតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង