ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរអាមេរិក ទៅដល់កូរ៉េខាងត្បូងជាលើកដំបូង គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០

93

មន្រ្តីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៉ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក ខឺត ខេមប៊ែល (Kurt Campbell) បានប្រកាសពីដំណឹងខាងលើ ក្នុងឱកាសដែលរូបលោក កំពុងស្ថិតក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំលើកទីមួយ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ ជាមួយក្រុមមន្រ្តីកូរ៉េខាងត្បូង ដែលផ្តោតលើការសម្របស្រួលវិធានការឆ្លើយតប ក្នុងករណីសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង ជាមួយប្រទេសកូរ៉េខាងជើង។

សហរដ្ឋអាមេរិកបានសន្យាបញ្ជូន នាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) មកកាន់កូរ៉េខាងត្បូង ក្នុងសេចក្តីថ្លែងការណ៍​រួម ដែលត្រូវបានព្រមព្រៀងគ្នា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំលុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែមេសា។ ក្នុងការព្រមព្រៀងនោះ គឺរួមមានទាំងការបង្កើនការចល័តអាវុធយុទ្ធសាស្រ្ត ​របស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក កំពុងធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទ SSBN ចំនួន១៤គ្រឿង ដែលមួយគ្រឿងៗ អាចផ្ទុកមីស៉ីល Trident II D5 ចំនួន២០គ្រាប់ ហើយមីស៉ីលនីមួយៗ អាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៨គ្រាប់ ទៅកាន់គោលដៅស្ថិតនៅចម្ងាយអតិបរមា ១២,០០០គីឡូម៉ែត្រ។ ពួកនាវា SSBN របស់អាមេរិក ធ្លាប់ធ្វើការបំពេញទស្សនកិច្ចជាទៀងទាត់ទៅកាន់កូរ៉េខាងត្បូង កាលពីអំលុងទសវត្សរ៍ឆ្នាំ​១៩៧០ ប៉ុន្តែបានបញ្ឈប់ទៅវិញនៅឆ្នាំ១៩៨១។ ដោយឡែក កាលពីខែមិថុនាកន្លងទៅ នាវាមុជទឹកអាមេរិកមួយគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស ឬហៅកាត់ថា SSGN ក៏បានត្រូវបញ្ជូនឱ្យមកបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង