ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣

46

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន
ស្តីពីចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំ ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសណ្ឋាគារសូហ្វីតែល ក្នុងរាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់ ហើយមានចំណាប់អារម្មណ៍ និងបានសង្ខេប ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣.៧៨៩ការិយាល័យ បានបើកដំណើរការទាំងអស់ ហើយអ្នកដែលបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤.៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់។ ឯកឧត្តមបានវាយតម្លៃថា ជាទូទៅការបោះឆ្នោតប្រកបដោយ សេរី យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយរលូន។

បន្ទាប់មក ឯកឧត្តមបានផ្ដល់ឱកាសដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ នោះ មានចំណាប់អារម្មណ៍លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ចំណាប់អារម្មណ៍របស់ ឯកឧត្តម វ៉ង វិនរៀន (H.E.Mr. Wang Wentian) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ដែលបានសង្កេតឃើញដូចខាងក្រោម៖ការរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះប្រជាពលរដ្ឋ កម្ពុជា ដែលបានសម្តែងនូវឆន្ទៈ និងអនុវត្តសិទ្ធិរបស់ខ្លួន ដោយចេញទៅបោះឆ្នោតមាន ចំនួន យ៉ាងច្រើនបានដល់ ៨៤.៥៨%។
ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

គណបក្សនយោបាយទាំង ១៨ បានធ្វើការឃោសនាបោះឆ្នោតដោយសេរី នៅទូទាំង ប្រទេស ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ។ ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ លទ្ធផលនៃការបោះឆ្នោត គឺអាចទទួលយកបាន។
ប្រទេសចិនសូមគាំទ្រនូវជម្រើសរបស់ប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីភាគីបរទេស។ ចំណាប់អារម្មណ៍របស់ ឯកឧត្តម យូថន សូ (H.E.Mr. U Thein Soe) ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា ដែលបានសង្កេតឃើញដូចខាងក្រោម ៖ ឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការចេញ ទៅបោះឆ្នោតយ៉ាងច្រើន។ កែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា បានរួមចំណែកក្នុងការ តម្រង់ទិសប្រទេសជាតិរបស់ខ្លួន។

ការបោះឆ្នោតមានសារៈសំខាន់ហើយមានលក្ខណៈល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។
ចំណាប់អារម្មណ៍របស់ ឯកឧត្តម លស៊ុន ជេស៊លីស (H.E.Mr. Nelson J.Celis) សមាជិក គណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋហ្វីលីពីន ដែលបានសង្កេតឃើញដូចខាងក្រោម៖ ភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅព្រះរាជាណាចក្រកម្ពុជា ខ្ពស់ជាងនៅប្រទេស ហ្វីលីពីន ដែលមានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០២២កន្លងទៅនេះ។ ប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ខ្ពស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។

ការបោះឆ្នោតមានតម្លាភាព។ ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយ បញ្ជួនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន។ អបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយ ជោគជ័យ សន្តិភាព និងគ្មានអំពើហិង្សា។
ចំណាប់អារម្មណ៍របស់ ឯកឧត្តម ម៉ាស៊ូរីស្គី កុបស្ដាបទីន (H.E.Mr. Mazurevski Kopstaptin) សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដែលបានសង្កេតឃើញដូចខាងក្រោម៖ ការរៀបចំការិយាល័យបោះឆ្នោត មានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នក បោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។

នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតអញ្ជើញ អ្នកបោះឆ្នោត បង្ហាញមន្ត្រីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការ រកឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។

ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខៅ្ម ជ្រលក់ដៃ ដែលអ្នកបោះឆ្នោតត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។ ស្ត្រីកម្ពុជា ក្លាហានជ្រលក់ម្រាមដៃនឹងទឹកខ្មៅលាងមិនជ្រះ ដែលជាទូទៅស្រ្តីត្រូវការ ម្រាមដៃស្អាត។
• មន្ត្រីការិយាល័យបោះឆ្នោតមានពាក់អាវសម្គាល់ ហើយភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន មានបណ្ណសម្គាល់ខ្លួនផងដែរ។ ទាំងនេះ បញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាម ច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា។
ចំណាប់អារម្មណ៍របស់ ឯកឧត្តម នីថេស គូម៉ា វីយ៉ាស (H.E.Mr. Nitesh Kumar Vyas) អនុ ប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា ដែលបានសង្កេតឃើញដូចខាងក្រោម៖ ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត។ ការិយាល័យ បោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារឹម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។

អ្នកបោះឆ្នោតតាមតម្រង់ជួរដោយមានរបៀបរៀបរយ នៅថ្ងៃបោះឆ្នោត។ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានរហូតទៅដល់ ៩៤.៨៤% បង្កភាពងាយស្រួល ដល់អ្នកបោះឆ្នោត។
មន្ត្រីការិយាល័យបោះឆ្នោត ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។ ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
ភាគីឥណ្ឌាសប្បាយចិត្តចំពោះការប្រើប្រាស់ទឹកខ្មៅជ្រលក់លាងមិនជ្រះប្រើក្នុងការបោះឆ្នោត។
ភាគីឥណ្ឌាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា និងប្រជាធិបតេយ្យនៅកម្ពុជា។

ចំណាប់អារម្មណ៍របស់ ឯកឧត្តម អាល់ស៊ីណូ ដឺអារ៉ូ បារីស (H.E.Mr. Alcino de Araujo Baris) សមាជិកគណៈកម្មការបោះឆ្នោត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតឃើញដូចខាងក្រោម៖

ការត្រៀមរៀបចំបានល្អមុនថ្ងៃបោះឆ្នោត។ ដែលបានសង្កេតដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅល្អ និងគ្មានអំពើហិង្សា។ ការិយាល័យបោះឆ្នោតមានសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយវិជ្ជាជីវៈ។ ប្រព័ន្ធបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ស្រដៀងគ្នានឹងប្រព័ន្ធបោះឆ្នោតនៅ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
ជារួមគណៈប្រតិភូដែលជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់។

អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនងល្អជាមួយគ្នា និងថ្លែងអំណរគុណ ដល់ គ.ជ.ប កម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងល្អ និងបានផ្តល់ឱកាសដល់គណៈប្រតិភូអន្តរជាតិសង្កេតមើល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង