ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីបើកការវាយប្រហារ តាមផ្លូវអាកាស លើកទី៦ លើទីក្រុងកៀវ

80

កៀវ៖ យោធាអ៊ុយក្រែនបាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ ដែលជាលើកទី ៦គិតក្នុង ខែកក្កដានេះ រីឯសំឡេងស៉ីរ៉ែនបន្លឺឡើងអំពីការវាយឆ្មក់តាមអាកាសរយៈពេលជាង ៣ម៉ោងនៅទូទាំងទីក្រុង និងស្ទើរតែពាក់កណ្តាលនៃភាគខាងកើត ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ជាប្រធានរដ្ឋបាលយោធានៃទីក្រុងកៀវ បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនផលិត ដោយអ៉ីរ៉ង់ ហើយផ្អែកលើព័ត៌មានបឋម ដ្រូនទាំងនោះ ត្រូវបានស្ទាក់ចាប់កម្ទេចចោលដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នៅមិនទាន់មាន សេចក្តីរាយការណ៍អំពីការស្លាប់ របួស ឬខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ ដោយឡែក កងទ័ពអាកាសអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា នៅវេលាម៉ោង៥ និង ៣០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) មានការគំរាមកំហែងថ្មីនៃការវាយប្រហារលើតំបន់ភាគខាងកើត និងភាគអាគ្នេយ៍។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ព័ត៌មាន នៃការវាយប្រហារនេះដោយឯករាជ្យបាននោះទេ។ ប៉ុន្តែបើតាមកងទ័ពអាកាសអ៊ុយក្រែនថា សំឡេង ស៉ីរ៉ែនបញ្ជាក់ពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងអស់រយៈពេលជាង ៣ ម៉ោងនៅទូទាំងភាគខាងកើតនៃប្រទេស ចាប់តាំងពីម៉ោងប្រហែល ១ និង ៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃអង្គារនេះ៕

អត្ថបទដែលជាប់ទាក់ទង