ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលី ផ្តល់កិច្ចសន្យាតម្លៃ៤.៧ពាន់លានដុល្លារ ឱ្យទៅក្រុមហ៊ុនកូរ៉េខាងត្បូង សម្រាប់ការផលិតរថពាសដែក

88

ស៉ីដនី៖​ ក្រុមហ៊ុនការពារជាតិធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ហានវ៉ា អ៊ែរ៉ូស្ពេស (Hanwha Aerospace) នៅថ្ងៃព្រហស្បតិ៍នេះ បានយកឈ្នះក្រុមហ៊ុន រ៉ែនមេតាល់ (Rheinmetall) របស់អាល្លឺម៉ង់ ក្នុងការទទួលបានកិច្ចសន្យាពីប្រទេសអូស្រ្តាលី ដែលមានទំហំ​ទឹកប្រាក់រហូតដល់៧ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៤.៧៤ពាន់លានដុល្លារអាមេរិក សម្រាប់ការផលិតរថពាសដែកចំនួន១២៩គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

រថពាសដែកខាងលើ នឹងត្រូវផលិតនៅអូស្រ្តាលីផ្ទាល់ គឺនៅឯរោងចក្ររបស់ក្រុមហ៊ុន ​Hanwha ក្នុងរដ្ឋវិចតូរៀ (Victoria)។ ពួកវានឹងត្រូវជំនួសរថពាសដែក M113 ដែលអូស្រ្តាលីបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ១៩៦៤មក។ រដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិ​របស់អូស្រ្តាលី លោក ភែត ខូនរ៉យ (Pat Conroy) បាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការនៃការផលិតពួកវា ដើម្បីអាចចាប់​ផ្តើមទទួលបានរថពាសដែកដំបូង នៅខ្ទង់ដើមឆ្នាំ២០២៧ គឺ២ឆ្នាំលឿនជាងការគ្រោងទុកកន្លងមក ហើយទទួលបានរថពាសដែកគ្រឿងចុងក្រោយ នៅឆ្នាំ២០២៨។

ការសម្រេចចិត្តជ្រើសរើសយក រថពាសដែក Redback របស់ក្រុមហ៊ុន Hanwha ធ្វើជារថពាសដែកថ្មី សម្រាប់ដឹកកងទ័ពនិងអាចប្រយុទ្ធ​បានរបស់ប្រទេសអូស្រ្តាលី កើតមានឡើងនៅរយៈពេល២សប្តាហ៍ បន្ទាប់ពីការធ្វើទស្សនកិច្ចដោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) ទៅកាន់ប្រទេសអាល្លឺម់ង់ ជាទីដែលរូបលោកបាន​ចុះកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីនាំចេញរថពាសដែក Boxer ចំនួន១០០គ្រឿង ដែលផលិតនៅអូស្រ្តាលី ដោយក្រុមហ៊ុន Rheinmetall ត្រឡប់ទៅកាន់អាល្លឺម៉ង់វិញ៕

អត្ថបទដែលជាប់ទាក់ទង