ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន អះអាងថា សមរភូមិប្រយុទ្ធនៅ ភាគអាគ្នេយ៍អ៊ុយក្រែន កំពុងតែតានតឹងខ្លាំង ហើយក្រុងកៀវ ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ

93

ក្រុងកៀវ៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមន្ត្រីលោកខាងលិចបាននិយាយថា ទីក្រុងកៀវបានបើកការវាយបកដ៏ធំសម្បើមនៅទីនោះ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានទទួលស្គាល់ផងដែរថា «នៅទីនោះពិតមានអរិភាព​បាន​កើន​ឡើង​យ៉ាង​ខ្លាំង »។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាបានកើតឡើងនៅចំណុចជាច្រើននៅតាមបណ្តោយជួរមុខប្រវែង ១,៥០០គីឡូម៉ែត្រ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ៊ុយក្រែនបានបើកការវាយលុកប្រឆាំង នឹងកងកម្លាំងរុស្ស៊ីដែលបានលុកលុយកាលពី ១៧ខែមុន ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។

លោក ពូទីន បានសរសើរ «វីរភាព» របស់ទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅតំបន់ Zaporozhye ភាគអាគ្នេយ៍ ដោយអះអាងថា កងទ័ពរបស់ទីក្រុងម៉ូស្គូ មិនត្រឹមតែបំផ្លាញសម្ភារៈយោធារបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កងទ័ពរបស់ទីក្រុងកៀវផងដែរ។

លោក​បាន​ទទូច​ថា ការ​វាយលុក​របស់​អ៊ុយក្រែន​ក្នុង​តំបន់​នេះគឺ «មិនទទួល​បាន​ជោគជ័យទេ» បើ​ទោះ​ជា​របាយការណ៍​របស់​លោក​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ក៏​ដោយ។

គួរបញ្ជាក់ថា អ៊ុយក្រែន​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​កាន់​តំបន់ ​ Zaporozhye ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ នេះ​បើ​យោង​តាម​មន្ត្រី​លោក​ខាង​លិច​ម្នាក់ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​បញ្ហា​នេះ។

មន្ត្រីអ៊ុយក្រែនភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ចំពោះការវិវឌ្ឍលើសមរភូមិ ចាប់តាំងពីការវាយលុកដំបូងបានចាប់ផ្តើម ទោះបីជាអនុរដ្ឋមន្ត្រីការពារជាតិ លោក Hannah Malyar បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងឆ្ពោះទៅកាន់ទីក្រុង Melitopol ក្នុងតំបន់ Zaporoshgia ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង