ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង សម្ញែងមីស៊ីល ICBM និងយន្ដហោះដ្រូន នៅឯព្យុហយាត្រាយោធា

136

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន បានចូលរួមទស្សនា ដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាមួយនាពេលរាត្រី ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំឮកខួបទី៧០នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ពិធីព្យុហយាត្រាខាងលើដែលបានប្រព្រឹត្តទៅនៅឯទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏មានការចូលរួម ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មកពីចិន និងរុស្ស៉ីផងដែរ។ KCNA បានឱ្យដឹងទៀតថាមានអាវុធទំនើបៗជាច្រើនត្រូវបានដាក់បង្ហាញនៅ​ឯព្យុហយាត្រា នេះ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM Hwasong-17 និងមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ព្រមទាំងយន្ដហោះដ្រូនហោះ សម្ញែងនៅលើអាកាស។

គួរបញ្ជាក់ថា សង្រ្គាមកូរ៉េត្រូវបានបិទបញ្ចប់ក្រោមបទឈប់បាញ់មួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ប៉ុន្តែ កូរ៉េខាងជើងបានចាត់ទុកថ្ងៃបិទបញ្ចប់ សង្រ្គាមនេះជាទិវាជ័យជម្នះរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង