ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែន នឹងចាប់ផ្ដើមពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្ដីពីការធានាសន្តិសុខ

64

កៀវ៖ នាយកខុទ្ទការល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែននឹងចាប់ផ្ដើមពិគ្រោះយោបល់ជាមួយ សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះស្ដីពីការផ្ដល់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ដែលកំពុងបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា​ ឆ្នាំ២០២៣។

លោក អាន់ឌ្រី យឺម៉ាក់ (Andriy Yermak) ជានាយកខុទ្ទការល័យរបស់លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើ Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ ក្នុងឱកាសនោះ លោកក៏បានទទួលស្គាល់ដែរថាក្រុមមន្ត្រីមកពីបណ្ដាប្រទេសមួយចំនួន កំពុងត្រៀមខ្លួន ជួបគ្នានៅក្នុងជំនួបមួយនៅឯប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាគ្នាពីផែនការសន្តិសុខរបស់លោក ហ្សេលេនស្គី សម្រាប់អ៊ុយក្រែន ដោយឈរលើមូលដ្ឋាន នៃការតម្រូវឱ្យកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីអ៊ុយក្រែន។

លោក យឺម៉ាក់ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងចាប់ផ្ដើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក (ក្នុងសប្ដាហ៍នេះ)។ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹងមានភាពរឹងមាំ កាតព្វកិច្ចយូរអង្វែង ដែលធានាពីសមត្ថភាពរបស់អ៊ុយក្រែន ដើម្បីបំបាក់ និងទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ី នៅពេលអនាគត»។ ប៉ុន្តែ លោកបានបន្ថែមថាការធានានេះនឹងចូលជាធរមាន រហូតទាល់តែអ៊ុយក្រែនទទួលបានសមាជិកភាពនៅក្នុង NATO។

គួរបញ្ជាក់ថា លោក យឺម៉ាក់ មិនបានបញ្ជាក់ថាតើកិច្ចប្រជុំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវធ្វើឡើងនៅពេលណាឡើយ ខណៈកាសែត Wall Street Journal បានរាយការណ៍ថាជំនួបនេះអាចនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ក្នុងទីក្រុងជិតដាស់ (Jeddah)៕

អត្ថបទដែលជាប់ទាក់ទង