ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែន និងប៉ូឡូញ កោះហៅឯកអគ្គរដ្ឋទូតមកផ្ទះវិញរៀងៗខ្លួន ក្រោយផ្ទុះទំនាស់ពាក្យសម្ដី

105

កៀវ៖ អ៊ុយក្រែន និងប៉ូឡូញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានហៅឯកអគ្គរដ្ឋទូតមកប្រទេសវិញរៀងៗខ្លួន ជុំវិញការកើនឡើងនូវទំនាស់ពាក្យសម្តីគ្នា បន្ទាប់ពី ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប៉ូឡូញ និយាយថា ទីក្រុងកៀវ គួរតែបង្ហាញការដឹងគុណបន្ថែមទៀតចំពោះការគាំទ្ររបស់ទីក្រុងវ៉ាសូវី ដល់ទីក្រុងកៀវ ក្នុងសង្គ្រាមជាមួយរុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

លោក ម៉ាស៊ីន ព្សីដាច (Marcin Przydacz) ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលប៉ូឡូញត្រូវតែការពារផលប្រយោជន៍របស់កសិករ ដោយចង់សំដៅទៅលើ ការហាមឃាត់ការនាំចូលទំនិញរបស់អ៊ុយក្រែន ដែលនឹងផុតកំណត់នៅខែកញ្ញាខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខ ទទូចសុំឲ្យមានការរួបរួមដោយនិយាយថា «មិនគួរមានការបែកបាក់គ្នា» នៅក្នុងគាំទ្រដ៏រឹងមាំរបស់ប៉ូឡូញដែលបានផ្តល់សម្រាប់អ៊ុយក្រែននោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេហ៍ នីកូលិនកូ (Oleh Nikolenko) បានបញ្ជាក់ថា «ក្នុងជំនួបមួយយើងបានប្រាប់ឯកអគ្គរដ្ឋទូតប៉ូឡូញថា ការលើកឡើងអំពីការមិនដឹងគុណរបស់អ៊ុយក្រែនចំពោះជំនួយរបស់ប៉ូឡូញគឺ «មិនពិត និងមិនអាចទទួលយកបាន» ។ រីឯ ភាគីប៉ូឡូញក៏បានទូរស័ព្ទទៅ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងវ៉ាសូវី រួចហើយដែរជាការឆ្លើយតបទៅនឹង «មតិរបស់តំណាងអាជ្ញាធរអ៊ុយក្រែន» ប៉ុន្តែមិនបានបញ្ជាក់ខ្លឹមសារលម្អិត នៃការឆ្លើយនោះទេ។

គួរបញ្ជាក់ថា ទីក្រុងកៀ និងទីក្រុងវ៉ាសូវី គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែការផ្លាស់ប្តូរមតិយោបល់នាពេលនេះ បានឆ្លុះបញ្ចាំងថាបញ្ហាចម្រូងចម្រាសកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង