ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្ស Pheu Thai សម្រេចចែកផ្លូវគ្នាជាមួយ Move Forward ដើម្បីព្យាយាមដឹកនាំការបង្កើតរដ្ឋាភិបាលថៃថ្មី ក្នុងសប្តាហ៍នេះ

94

បាងកក៖​ ក្រុមចម្រុះដែលស្ថិតក្រោមការដឹកនាំនៃគណបក្ស​ ភឿថៃ (Pheu Thai) នឹងព្យាយាមបង្កើតរដ្ឋាភិបាលថៃថ្មី ក្នុងសប្តាហ៍នេះ ដោយពុំមានគណបក្ស Move Forward ចូលរួមឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

ប្រទេសថៃបានបន្តនៅជាប់គាំងមិនទាន់មានរដ្ឋាភិបាលថ្មី ចាប់តាំងតាំងតែពីការបោះឆ្នោតសកល បានប្រព្រឹត្តទៅកាលពីខែឧសភា ហើយបានមើលឃើញគណបក្ស​ Move Forward ជាបក្សដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈគណបក្ស ​Pheu Thai ទទួលបាន​ការគាំទ្រលំដាប់ទី២។

នៅថ្ងៃពុធនេះ គណបក្ស Pheu Thai បានប្រកាសថា ខ្លួននឹងតែងតាំងលោក​ ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីព្យាយាមដឹកនាំបង្កើតរដ្ឋាភិបាលតាមរយៈ​ក្រុមចម្រុះមួយ ដែលមិនមានគណបក្ស Move Forward នៅក្នុងនោះទេ។

ថ្នាក់ដឹកនាំគណបក្ស​ Pheu Thai លោក ភូមិថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា រដ្ឋាភិបាលដឹកនាំ​ដោយគណបក្សរបស់លោក នឹងមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃឡើយ ប៉ុន្តែនឹងផ្តោតទៅលើ​ការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងនយោបាយ ដែលនៅចំពោះមុខ។

រីឯថ្នាក់ដឹកនាំ Pheu Thai មួយរូបទៀត គឺលោក ​ឆុនឡាណាន ស្រ៉ីកែវ (Chonlanan Srikaew) បានលើកឡើងថា កន្លងមកគណបក្សលោក បានផ្តល់ការគាំទ្រយ៉ាងអស់ពីលទ្ធភាពចំពោះគណបក្ស Move Forward ប៉ុន្តែឥឡូវ Pheu Thai គ្មានជម្រើសរើសអ្វីផ្សេង ក្រៅតែពីចែកផ្លូវជាមួយសម្ព័ន្ធមិត្តខ្លួននោះទេ ចំពោះមុខការប្រឆាំងយ៉ាងខ្លាំងក្លាលើសលប់ របស់ក្រុមអភិរក្សនិយមចំពោះ Move Forward។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ គណបក្ស Move Forward បានដឹកនាំក្រុមចម្រុះមួយ ដែលមាន៨គណបក្ស ក្នុងនោះរួមមាន​ទាំង Pheu Thai ផងដែរ ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា។ Move Forward បានព្យាយាមដល់ទៅ២លើក ក្នុងការតែងតាំមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីឱ្យសម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃបោះឆ្នោត ប៉ុន្តែពុំអាចទទួលបានជោគជ័យ។ គណបក្ស Move Forward បានប្រឈមនឹងការប្រឆាំងយ៉ាងរឹងមាំបែបនេះ គឺដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស ជាពិសេសគឺការចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង