ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកបើកទ្វាចំហចំពោះ ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-16 នៅសហរដ្ឋអាមេរិក

80

វ៉ាស៉ីនតោន៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបើកទ្វាចំហចំពោះការបណ្តុះបណ្តាល ក្រុមអាកាសយានិកអ៊ុយក្រែន ស្តីពីការហាត់រៀនប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលអង្គការណាតូ (NATO) កំពុងស្ថិតក្នុងដំណើរការ​នៃការផ្តល់ពួកវាឱ្យទៅទីក្រុងកៀវ ដើម្បីជួយដល់កិច្ចប្រឹងប្រែងទប់ទល់ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

បច្ចុប្បន្នក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប កំពុងតែដឹកនាំកិច្ចប្រឹងប្រែងបណ្តុះបណ្តាលនេះ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខឺប៊ី (John Kirby) បាននិយាយថា ប្រសិនសមត្ថភាពពួកគេឈានដល់ទីកំណត់មួយនោះ «ច្បាស់ណាស់ ពួកយើងប្រកាន់ជំហរស្វាគមន៍ ចំពោះការផ្តល់ការបណ្តុះបណ្តាលក្រុមពីឡុតអ៊ុយក្រែន នៅទីនេះក្នុងសហរដ្ឋអាមេរិកផ្ទាល់»

លោក ខឺប៊ី បានបន្ថែមដូច្នេះថា «វាជាដំណើរការមួយដែលមានច្រើនជំហាន ហើយយើងប្តេជ្ញាជួយសម្ព័ន្ធមិត្តយើងពន្លឿនដំណើរការនោះ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ លោកប្រធានាធិបតី បៃដិន បានអនុញ្ញាតរួចហើយនូវការផ្តល់យន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន ហើយយើងអន្ទះសាខ្លាំងដើម្បីឆ្ពោះទៅមុខ នូវការផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពរយៈពេលវែងនោះ»

គួរបញ្ជាក់ថា ដាណឺម៉ាកនិងហូឡង់ កំពុងដើរតួនាទីនាំមុខគ្នា ក្នុងចំណោមក្រុមប្រទេសលោកខាងលិច ក្នុងការបណ្តុះបណ្តាលក្រុមពីឡុត​របស់អ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-16។ ចំណែក ចក្រភពអង់គ្លេសវិញ ក៏កំពុងជួយផ្តល់ឱ្យក្រុមពីឡុតអ៊ុយក្រែន នូវការបណ្តុះបណ្តាលក្នុងទម្រង់ជាភាសាអង់គ្លេសផងដែរ ព្រោះឧបករណ៍និងសេចក្តីណែនាំផ្សេងៗនៃយន្តហោះចម្បាំងនេះ ត្រូវបានសរសេរជាភាសាអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង