ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំពាំងបារាំងមានទីផ្សារ ហើយមួយ គីឡូក្រាម តម្លៃចាប់ពី១១០០០ទៅ ១៣០០០រៀល

33

ប៉ៃលិន៖ ទំពាំងបារាំងមានហាងឆេងទីផ្សារហើយជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាល ដាំដុះវែង អាចចាប់ផ្តើមប្រមូលផល ក្រោយពីដាំដុះបាន៥-៦ខែ ហើយអាចបន្តប្រមូលផលបាន ដល់អាយុ១៥-២០ឆ្នាំ ។ ប៉ុន្តែត្រូវទុកចន្លោះតែងដើមចាប់ពី ៣-៤ខែម្តង។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។

ដីដែលល្អសម្រាប់ការដាំដុះ ត្រូវតែជាដីដែលមិនជាំទឹក វាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព។ សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថាក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។

តាមបទពិសោធន៍ផ្ទាល់របស់កសិករនៅខេត្តប៉ៃលិន បង ស្រី លឹម សុភាព បានបញ្ជាក់ឲ្យដឹងថា៖ ការចំណាយការដាំដុះទំពាំងបារាំងលើផ្ទៃដី ២៤០០ម៉ែត្រ ក្រឡាត្រូវ ការដើមទុនប្រហែល៩២១០០០០រៀល សម្រាប់ការចំណាយលើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម។
កសិករដែលដាំដុះបន្លែទំពាំងបារាំងអះអាងថា កាលពី មុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អងាយស្រួល លក់ និងមានតម្លៃថ្លៃ ទំពាំង ១គីឡូក្រាមមានតម្លៃចាប់ពី១១០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល៕.សំរិត

អត្ថបទដែលជាប់ទាក់ទង