ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីគ្រោះថ្នាក់ទៅលើសម្ដេចក្រុមព្រះ និងអ្នកម្នាង គឺជាគ្រោះថ្នាក់ចរាចរពិតប្រាកដមែន

108

 


ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានអគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ គឺជាករណីគ្រោះថ្នាក់ចរាចរសុទ្ធសាធ ដែលកើតឡើងដោយសារភាគីម្ខាងទៀតបើកបរដោយខ្វះការប្រុងប្រយ័ត្ន ផ្ទុកមនុស្សលើចំណុះ និងមានល្បឿនហួសកំណត់។

ក្នុងសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានទាំងឡាយណា ដែលបានលើកឡើងថា ករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិត និងការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងថា លទ្ធផលនៃការស៊ើបអង្កេតដូចដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរសុទ្ធសាធ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទៅលើព័ត៌មានទាំងឡាយណាដែលលើកឡើង មិនត្រឹមត្រូវតាមការស៊ើបអង្កេតនេះ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បង្កឡើយដោយរថយន្ដ Highlander ជាប្រភេទរថយន្ដឈ្នួល ធ្វើដំណើរពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ។ រថយន្ដបង្កនោះ បានផ្ទុកមនុស្សលើសចំណុះ ហើយបើកបរក្នុងល្បឿនយ៉ាងលឿនលើសកំណត់ (១០០គីឡូម៉ែត្រក្នុង១ម៉ោង) ដែលនាំអោយមានការពិបាកក្នុងការបញ្ជាយានយន្ដ។
បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ នៅមុនពេលកើតហេតុ រថយន្ដបង្កបានឡើងវ៉ារថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ស្រាប់តែពេលកំពុងឡើងវ៉ានោះ ក៏ពើបប្រទះនឹងរថយន្ដក្បូនរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលកំពុងតែបើកច្រាសទិសគ្នា ហើយអ្នកបើកបររថយន្ដបង្ក បានបន្ថែមល្បឿនដើម្បីវ៉ាអោយផុត ហើយគេចចូលមកខាងស្ដាំដៃវិញ ។ ពេលនោះរថយន្ដបានគេចជ្រុលមកខាងស្ដាំ បណ្ដាលអោយធ្លាក់ផ្លូវមួយចំហៀង ហើយអ្នកបើករថយន្ដក៏បួងចង្កូតមកខាងឆ្វេងវិញ ស្រាប់តែព្រះទីនាំងរបស់សម្ដេចក្រុមព្រះមកដល់ ក៏បុកពេញទំហឹងតែម្ដង ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលអោយទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ។ តុលាការបានសម្រេចចោទប្រកាន់ អ្នកបើកបររថយន្ដតាក់ស៊ី ពីបទ បើកបរធ្វេសប្រហែស បណ្តាលរបួស និងស្លាប់អ្នកដទៃ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាឡឱ្យ អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព ពេលបញ្ចូនដល់មន្ទីរពេទ្យ ចំណែកសម្តេចក្រុមព្រះ បានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនបន្តទៅព្យាបាលនៅក្រៅប្រទេស។ ក្រៅពីនោះ ក៏មានអ្នកដំណើរផ្សេងទៀតដែលជិះតាក់ស៊ី និងអ្នករួមដំណើរក្នុងក្បួនព្រះទីនាំងមួយចំនួនទៀត រងរបួសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង