ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

52

 

ភ្នំពេញ ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល ដោយត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។

បានឃើញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើត ខុទ្ទកាល័យឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា – យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល សម្រេច ៖ ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។
ត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរសមាសភាព នៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖ សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី
ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មាន ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី ។ ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានា សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី,រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពី ព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់, បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន ក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង