ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិនលើកឡើងពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ វិស័យវប្បធម៌ បេតិកភណ្ឌ បុរាណវិទ្យា ទេសចរណ៍ វិនិយោគនៅខេត្តសៀមរាប

41

សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា រួមជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសហការគ្នារៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ការផ្លាស់ប្តូរតាមរយៈកែវភ្នែក និងស្នាមញញឹម» ដើម្បីជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ពិសេសរវាងខេត្តសម្ពន្ធមេត្រីភាពខេត្តយូណាននិងខេត្តសៀមរាប និងដើម្បីជំរុញទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរចិនចូលមកបណ្តាក់ទុន និងទស្សនាខេត្តសៀមរាបកាន់តែច្រើន។

កម្មវិធីនេះដែរក៏ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក៏ដូចជាខួបលើកទី១០នៃការកសាងរួមគ្នាលើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងគ្នាតាំងតែពីសម័យអង្គរមកហើយ។

លោក លីវ ជឺជី (Liu Zhijie) ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានលើកឡើងថា ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចូលរួមក្នុងសកម្មភាពអន្តរជាតិលើការការពាប្រាង្គប្រាសាទនៅតំបន់អង្គរចាប់ពីឆ្នាំ១៩៩៨មក ហើយចិនបានចាត់ក្រុមជំនាញបុរាណវិទ្យាជាបន្តបន្ទាប់មកជួយជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងបន្តជួសជុលប្រាសាទភិមានអាកាស។ ចិនក៏ជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ នៃការអភិរក្សនិងអភិវឌ្ឍប្រាសាទព្រះវិហាផងដែរ។

លោក លីវ ជឺជី បាបញ្ជាក់ថា ដើម្បីការពាររមណីយដ្ឋានអង្គរប្រកបដោយចីរភាព ចិនបានឆ្លើយតបតាមការអំពាវនាវរបស់អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដ៏ទំនើប លើទុនវិនិយោគចំនួនជាង១ពាន់លានដុល្លារអាមេរិកផងដែរ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ពន្ធមេត្រីភាព ជាពិសេសប្រទេសចិនត្រូវបានលើកកម្ពស់មួយកម្រិតធំថែមទៀតរហូតប្រសិទ្ធនាមថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហរគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពីកសាងរួមគ្នាលើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

លោក យុន លីនណេ បានបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាបបាននិងកំពុងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្ត-ក្រុងសម្ពន្ធមេត្រីភាព សំខាន់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនលើវិស័យអាទិភាពជាច្រើន ដូចជា វិស័យកសិកម្ម អប់រំ បរិស្ថាន សេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ និងវប្បធម៌។ លទ្ធផលជាផ្លែផ្កាដែលស្តែងចេញពីទំនាក់ទំនងនេះ ខេត្តសៀមរាបក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការអភិរក្ស និងជួសជុលប្រាសាទបុរាណ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុននេះ។

លោកអភិបាលរងខេត្តបានបន្តទៀតថា ក្រោយពីការចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ដោយគ្របដណ្តប់ដោយផ្ទៃដីប្រមាណ៤០១គីឡូម៉ែត្រក្រឡា ប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរទទួលបានការអភិរក្ស និងជួសជុលសាជាថ្មី ក្រោមកិច្ចសហការរបស់អង្គការ UNESCO និងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា និងភាគីជាតិ-អន្តរជាតិពាក់ព័ន្ធដទៃទៀតបានចូលរួមប្រែក្លាយតំបន់ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។

ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិនមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ជាពិសេសក្នុងកំឡុងពេល៦៥ឆ្នាំមកនេះ តាមរយៈទំនាក់ទំនងការទូត ពាណិជ្ជកម្ម សាសនា សិល្បៈ វប្បធម៌ អប់រំ កម្ពុជានិងចិនគឺជាប្រទេសមានទំនាក់ទំនងជាមួយគ្នាដ៏ល្អបំផុត ជាមិត្តភក្តិល្អ ជាដៃគូល្អ និងជាបងប្អូនដែលយល់ចិត្តគ្នា។ អស់រយៈពេលជាយូរមកហើយ ប្រទេសចិននិងកម្ពុជាមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃបេតិកភណ្ឌវប្បធម៌។

ជាមួយនេះដែរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តសៀមរាប បាន់លើកឡើងថា ចំពោះកិច្ចការអភិរក្ស ជួសជុលបេតិកភណ្ឌវប្បធម៌ ការងារស្រាវជ្រាផ្សេងៗក្នុងតំបន់អង្គរ សាធារណរដ្ឋប្រជាមានិតចិនបានសហការជាមួយអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្នបានជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ជួសជុលព្រះបរមរាជវាំងក្នុងបរិវេណក្រុងអង្គរធំ និងគម្រោងសិក្សាស្រាវជ្រាវជួសជុលប្រាសាទបេងមាលា និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងបុរាណវិទូចិន និងបុរាណវិទូកម្ពុជា និងសហការការងារស្រាវជ្រាវបុរាណវិទ្យាបន្តរហូតដល់បច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង