ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន បានហៅការដកហូតពន្ធគយអាមេរិក លើទំនិញនាំចូលពីចិនថា ជាការរើសអើង

77

ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគនៅសហរដ្ឋអាមេរិកត្រូវទទួលបាន «ការប្រព្រឹត្តដោយស្មើភាពគ្នា» និងបានហៅការដកហូតពន្ធគយអាមេរិកលើទំនិញនាំចូលពីចិនថា «ជាការរើសអើង» នៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ដោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ លោកស្រី Raimondo បាននិយាយថា លោកស្រីមិនរំពឹងថានឹងមានការបំបែកភាពទាល់ច្រកណាមួយទេ ប៉ុន្តែលោកកស្រី «ចាកចេញដោយមានភាពសុទិដ្ឋិនិយមខ្លះ» បន្ទាប់ពីបានជួបជាមួយមេដឹកនាំកំពូលៗរបស់ចិនរួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao ផងដែរ។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រវាងគ្នានិងគ្នា ហើយខណៈពេលដែលរដ្ឋាភិបាលរបស់ប្រទេសទាំងពីរជំទាស់ជាសាធារណៈទៅនឹងការកាត់ផ្តាច់ទំនាក់ទំនងគ្នានោះ ពេលនេះប្រទេសចិនកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកកំពុងធ្វើពាណិច្ជកម្មជាមួយប្រទេសជិតខាងកាណាដា និងម៉ិកស៊ិក។

សង្គ្រាមពន្ធគយបានផ្ទុះឡើងរវាងទីក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនក្រោមការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នលោក ចូ បៃឌិន និងប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនបានរឹតបន្តឹងការនាំចេញទៅកាន់ប្រទេសចិននូវបន្ទះឈីបទំនើប និងឧបករណ៍ដែលប្រើប្រាស់ដើម្បីផលិតបន្ទះឈីបទាំងនោះ ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ។

លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការប្រព្រឹត្តិដោយស្នើភាពគ្នាដល់សហគ្រាសចិនដែលវិនិយោគនៅសហរដ្ឋអាមេរិកក្នុងលក្ខខណ្ឌនៃការទទួលបានទីផ្សារ ការអនុវត្តបទប្បញ្ញត្តិ លទ្ធកម្មសាធារណៈ និងការគាំទ្រគោលនយោបាយ»

លោកស្រីបានបន្ថែមថា៖ «ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងច្បាប់ពន្ធគយ (មាត្រា ៣០១) ដែលមានលក្ខណៈរើសអើងពន្ធរបស់សហរដ្ឋអាមេរិក»

លោកស្រី Gina Raimondo គឺជាមន្ត្រីរដ្ឋាភិបាលរបស់លោក បៃឌិន ចុងក្រោយបង្អស់ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងគោលបំណងពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងការពារជាតិក្នុងគ្រាដែលមានការព្រួយបារម្ភថា ការប៉ះទង្គិចគ្នារវាងប្រទេសមហាអំណាចទាំងពីរអាចឈានដល់ស្ថានភាពលែងគ្រប់គ្រងបាន។

លោក Shu បានថ្លែងថា៖ «យើងជឿជាក់ថា មធ្យោបាយល្អប្រសើរជាងមុនដើម្បីកាត់បន្ថយហានិភ័យគឺធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ត្រលប់ទៅដំណាក់កាលនៃការអភិវឌ្ឍន៍ដ៏រឹងមាំនិងស្ថិរភាព»

លោក Wang និងលោកស្រី Raimondo បានយល់ព្រមជួបគ្នាយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង