ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក ថាលោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចទៅជួបលោក ពូទីន នៅរុស្ស៉ី

61

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោង ធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ី នៅក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាពីលទ្ធភាពនៃ ការផ្គត់ផ្គង់អាវុធសម្រាប់ទីក្រុងមូស្គូ យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី អាឌ្រីយែន វ៉ាត់សុន (Adrienne Watson) កិច្ចចរចាស្ដីពីការផ្គត់ផ្គង់អាវុធរវាងរុស្ស៉ី និងកូរ៉េខាងជើង មានភាពរីកចម្រើនទៅមុខយ៉ាងសកម្ម។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងទទួលបានព័ត៌មានថាលោក គីម ជុងអ៊ុន រំពឹងថាកិច្ចពិភាក្សាបែបនេះនឹងបន្តទៅមុខ ក្នុងនោះរួមមានទាំងកិច្ចចរចាការទូតកម្រិតមេដឹកនាំនៅក្នុងប្រទេសរុស្ស៉ី»

គួរបញ្ជាក់ថា មិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រុស្ស៉ីនៅឡើយទេ។ ប៉ុន្តែ កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍ថាលោក គីម ទំនងជានឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) នៅក្នុងខែកញ្ញានេះ ដើម្បីជួបលោក ពូទីន នៅទីនោះ។ Vladivostok គឺជាទីក្រុងមួយស្ថិតនៅតំបន់ឆ្នេរប៉ាស៊ីហ្វិក និងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីកូរ៉េខាងជើង។

បន្ថែមពីលើនេះ New York Times ក៏បានឱ្យដឹងដែរថាលោក ពូទីន ចង់បានគ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង ហើយលោក គីម ក៏អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូផងដែរក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង