ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានសម្រេចថា មីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឱ្យ កាន់តំណែងជាប្រធានប្ដូរវេន នៅឆ្នាំ២០២៦ឡើយ

68

ហ្សាការតា៖ ក្រុមមេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានសម្រេចចិត្តថាមីយ៉ាន់ម៉ានឹងមិន ត្រូវបានអនុញ្ញាតឱ្យទទួលតំណែង ជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ នោះទេ។ នេះបើតាមក្រុមមន្ត្រីការទូតអាស៊ាន និងមេដឹកនាំហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន AP។

ការសម្រេចចិត្តខាងលើត្រូវបានប្រកាសឱ្យដឹងនៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ហើយនេះអាចជា បរាជ័យមួយនៃកិច្ចខិតប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ា ក្នុងការស្វះស្វែងការគាំទ្រ និងទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាដណ្ដើមអំណាច កាលពីឆ្នាំ២០២១ ដែលបង្កឱ្យមានភាពចលាចលនៃអំពើហិង្សា មកទល់នឹងសព្វថ្ងៃ។

ជុំវិញការសម្រេចចិត្តនេះដែរ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែង ជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦។ «ខ្ញុំមានសោមនស្សដោយសូមប្រកាសថាហ្វីលីពីន បានត្រៀមខ្លួនជាស្រេចដើម្បីទទួលតំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២៦»។ នេះជាការលើកឡើងរបស់លោក Marcos ទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីដោយមិនបានបញ្ជាក់ថាតើហេតុអ្វី បានជាហ្វីលីពីនត្រូវទទួលតំណែងជាប្រធានប្ដូរវេនជំនួសមីយ៉ាន់ម៉ា ឡើយ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា​ បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១ ហើយយោធាបានបើកការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង។ ប្រទេសឡាវ នឹងត្រូវកាន់តំណែងជាប្រធាន ប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ីនឹងត្រូវធ្វើជាប្រធាននៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង