ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារសាធារណការ ជួសជុលផ្លូវស្រុតរួចរាល់ហើយ ដើម្បីឲ្យធ្វើដំណើរបានស្រួលឡើងវិញ

173

រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធករណីបាក់ស្រុតផ្លូវនៅចំណុចភ្លើងស្តុបពេទ្យចិននោះ ក្រុមការងារ​មន្ទីរសាធារណការ សហការជាមួយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យសាធារណការខណ្ឌ៧មករា បានចុះពិនិត្យ និងធ្វើការជួសជុល បានរួចរាល់ជាស្ថាពរហើយ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរវិញហើយ នៅរសៀលថ្ងៃដដែលនេះ។

នៅរសៀលថ្ងៃទី២១ខែមិថុនានេះ លោកអភិបាលខណ្ឌ៧មករា បានថ្លែងប្រាប់គេហទំព័រភ្នំពេញរីផតធើថា “ខ្ញុំបានបញ្ជាឲ្យក្រុមការងារសាធារណការ ទៅជួសជុលកាលពីម៉ោង៣រសៀល ហើយរហូតមកដល់ម៉ោងជាង៥ល្ងាចនេះ បានស្ថាបនារួចរាល់ហើយ “។ លោកបន្តថា នេះជាការងារដែលត្រូវធ្វើការជួសជុលជាបន្ទាន់ បន្ទាប់ពីមានការស្រុតផ្លូវ ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋធ្វើដំណើរ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចស្តុបពេទ្យចិន ឬស្តុបអគារ៤២ជាន់ (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ក្រហម កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកជិតដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ក្រហម ហើយអ្នកបើកកង់បីឥណ្ឌានោះក៏ចាប់ហ្វ្រាំងតិចអបៗបម្រុងនឹងឈប់ ដើម្បីរង់ចាំធ្វើដំណើរបន្ត ស្រាប់តែពេលឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កអោយមានការភ្ញាក់ផ្អើលឡើង ។

ម្ចាស់កង់បីឥណ្ឌាក៏បានចុះមកមើលដែរ គ្រាន់តែកកិតថ្នាំខាងក្រោមបាតប៉ុណ្ណោះ ដោយសារតែមិនឃើញខូចខាតអីច្រើន ម្ចាស់កង់បី ក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុ ជួយលើកកង់បីឥណ្ឌារបស់គាត់ឡើងលើចេញជង្ហុក ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។

ក្រោយកើតហេតុប្រជាពលរដ្ឋនិងអ្នកនៅជិតកន្លែងកើតហេតុបានយកអីទៅដាក់សម្គាល់ហើយ ដើម្បីការពាកុំអោយមានអ្នកគ្រោះដោយសារ ជង្ហុកដែលស្រុតទាំងកណ្ដាលថ្ងៃនេះ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ហើយប្រជាពលរដ្ឋក៏បានរាយការប្រាប់ ទៅកាន់សមត្ថកិច្ចដើម្បីទាក់ព័ទ្ធ ខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ៕

  

អត្ថបទដែលជាប់ទាក់ទង