ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦

58

 

ហ្សាកាតា, ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី​២៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក លី ឈាំង នាយករដ្ឋមន្ត្រីចិន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម,លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

ប្រទេសចិន គឺជាដៃគូរវិនិយោគដ៏ធំជាងគេបំផុតរបស់អាស៊ាន ចំនួន ១៣ឆ្នាំជាប់គ្នាៗ​មក​ហើយ​។ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ជិត ៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២។

សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ​២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី​៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើន​កម្រិត​ទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង