ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ឱ្យអ៊ុយក្រែន ជាទង្វើគ្មានមនុស្សធម៌របស់សហរដ្ឋអាមេរិក

77

វ៉ាស៊ីនតោន៖ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុង ការផ្ដល់គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅឱ្យអ៊ុយក្រែន ជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ពីទង្វើគ្មានមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ Telegram ស្ថានទូតរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺជាសញ្ញាមួយយ៉ាងច្បាស់នៃទង្វើ គ្មានមនុស្សធម៌»។ ស្ថានទូតបន្តទៀតថា «សហរដ្ឋអាមេរិកមានចេតនាបញ្ជូនអាវុធដែលអាចជះឥទ្ធិពលមិនរើសមុខ ដ្បិតការផ្ទុះនៃគ្រាប់មានផ្ទុកកាកសារធាតុ អ៊ុយរ៉ាញ៉ូម នឹងសាយភាពធាតុវិទ្យសកម្ម»។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារសម្រាប់ អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ហើយដែលនេះជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិក បញ្ជូនគ្រាប់ដ៏ចម្រូងចម្រាសនេះទៅឱ្យទីក្រុងកៀវ។

គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រកាសផ្ដល់ឱ្យនេះ គឺសម្រាប់ប្រើបាញ់ចេញពីរថក្រោះ Abrams ប្រើជាមួយគ្រាប់ ១២០មីលីម៉ែត្រ ដែល អាមេរិកបញ្ជូនឱ្យអ៊ុយក្រែននៅមុនដំណាច់ឆ្នាំ២០២៣នេះ ដើម្បីកម្ទេចរថក្រោះរុស្ស៉ី។ ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាលពីដើមឆ្នាំ២០២៣ ក៏បានបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់អ៊ុយក្រែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង