ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងបន្តសម្រេច និងសម្រួចលើវិស័យអាទិភាព ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច

42

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី Zhong Jie ដែលទើបត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយទាន់ពេលវេលាដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក និងបានរួមដំណើរក្នុងការស្តារ និងជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិនលើគ្រប់វិស័យ ជាអាទិ៍ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហ-ប្រតិបត្តិការហិរញ្ញប្បទាន បន្ទាប់ពីជំងឺកូវីដ ១៩ បានស្រាកស្រាន្ត ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបង្ហាញពីសុទិដ្ឋិនិយមគតិនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដែលសម្រេចបានសមិទ្ធិផលជាផ្លែផ្កា ដែលកើតឡើងដោយសារចំណងមិត្តភាពដែកថែប រវាងរដ្ឋាភិបាល កម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា, សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានចេញដំណើរយ៉ាងស្វាហាប់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សានូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងបន្តសម្រេច និងសម្រួចលើវិស័យអាទិភាពដ៏ទៃទៀត ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយសេ្ថរភាព និងនិរន្តរភាព ។

លោកស្រី Zhong Jie បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលលោកស្រី ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា ។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

លោកស្រីក៏បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលទើបទទួលបាននូវរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបានបង្ហាញអំពីការប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានលទ្ធផលកាន់តែជាទីពេញចិត្តបន្ថែមទៀត ជាពិសេស លើវិស័យ កសិឧស្សាហកម្ម និងវិនិយោគ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងបានជូនពរលោកស្រី Zhong Jie និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងាររបស់លោកជំទាវនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង