ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង សម្ពោធនាវាមុជទឹកស៊េរីថ្មី មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរតាក់ទិក

72

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ បានរាយការណ៍ថាប្រទេសរបស់ខ្លួនបានដាក់សម្ពោធនាវាមុជទឹកស៊េរីថ្មី មួយដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ក្រោមកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ពជើងទឹក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងទៀតថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ កាលពីថ្ងៃ ពុធសប្ដាហ៍នេះ ដោយលោក គីម ក៏បានសង្កត់ធ្ងន់ដែរថានាវមុជទឹកថ្មីនេះគឺជាផ្នែកមួយនៃការជឿនលឿនទៅមុខក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកូរ៉េខាងជើង នៅពេលអនាគត។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល នាវាមុជទឹកខាងលើមានលេខសម្គាល់ ៨៤១ គឺមានឈ្មោះ ហេរ៉ូ គីម គុន អ៊ុក (Hero Kim Kun Ok) ហើយថាការផលិតបាននាវាមុជទឹកនេះដែរជាការចាប់ផ្ដើមបើកទំព័រថ្មីមួយនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមាននាវាមុជទឹកចន្លោះ ពី៦៤ ទៅ៨៦គ្រឿង ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសមានកងនាវាមុជទឹកធំៗ នៅលើពិភពលោក។ ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមាន ការសង្ស័យចំពោះសមត្ថភាពធ្វើប្រតិបត្តិការ ដ្បិតភាគច្រើននៃនាវាមុជទឹកកូរ៉េខាងជើងជានាវាស៊េរីចាស់៕

អត្ថបទដែលជាប់ទាក់ទង