ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងផែនការ ៖ UNICEF ឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

42

 

ភ្នំពេញ៖ ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Will Parks ព្រមទាំងសហការី ដែលបានឆ្លៀតពេលវេលាមមាញឹកអញ្ជើញមកក្រសួងផែនការនាពេលនេះ ហើយឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងបន្តទៀតថា UNICEF ឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងអង្គការ UNICEFកន្លងមក ដែលUNICEF បានឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការងារពាក់ព័ន្ធអាហារូបត្ថម្ភ(បញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល) ការគណនានិងវិភាគពីភាពក្រីក្រកុមារនៅកម្ពុជា និងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ UNICEF បានជួយគាំទ្រដល់ដំណើរការនៃការរៀបចំនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាមួយនឹងការគាំទ្រដល់ដំណើរការចុះបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធរហូតដល់ថ្នាក់ក្រុង ស្រុក រាជធានី ខេត្តផងដែរ។

មានប្រសាសន៍ក្នុងជំនួប លោកបណ្ឌិត Will Parks បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជារដ្ឋមន្ត្រីក្រសួងផែនការ។ លោកបណ្ឌិតបន្តថា ក្នុងនាមជាតំណាងឱ្យអង្គការ UNICEF លោកសន្យានឹងបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងUNICEF ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកបណ្ឌិត បានស្នើឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការUNICEF ដែលនឹងប្រព្រឹត្តទៅនាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដោយផ្តោតសំខាន់លើការរៀបចំផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២៤-២០២៨)។

មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភ តាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ បន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ និងវាយតម្លៃ(M&E) ឧបត្ថម្ភ គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈTablet បន្ថែម ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង