ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម.សម្ដេចធិបតី ចាត់ទុក ក្របខ័ណ្ឌតំបន់ RCEP ថានៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក

34

 

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្ដេចធិបតី ចាត់ទុក ក្របខ័ណ្ឌតំបន់ RCEP ថានៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាថ្ងៃទី១៧ កញ្ញា ២០២៣នេះ សម្ដេចធិបតី បានចាត់ទុក ក្របខ័ណ្ឌតំបន់ RCEPថា៖ នៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុង ជ្រោយ និងមានគុណភាពខ្ពស់។

ដោយភ្ជាប់នឹងទស្សនាទានគន្លឹះ៥ចំណុច សំខាន់ៗ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ RCEP ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោល ការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លទ្ធផលជាក់ស្ដែងដូចបានសង្ខេបជូនខាងលើនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ក្នុង ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីជោគជ័យដ៏ធំធេងដែលកម្ពុជាទើបទទួល បាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីចិន និង កម្ពុជា ក៏បានឯកភាព គ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ខិតខំបន្ថែមទៀតក្នុងការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើនជើងហោះហើរត្រង់ ព្រមទាំងពិនិត្យលទ្ធភាពពន្លឿនដំណើរការរៀបចំនីតិវិធីចុះអនុស្សរណៈ នៃកិច្ចសហ ប្រតិបត្តិការរួមគ្នា ស្ដីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលផ្ដោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល និងកសិកម្មវៃឆ្លាត។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។ RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។ បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតំបន់ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ កន្លងទៅ មានទឹកប្រាក់ ២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង