ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត៖មន្ត្រីពន្ធដារ​ ត្រូវប្តូរឥរិយាបថ មកជាអ្នកបម្រើសេវាល្អជូន​ពលរដ្ឋ ជៀសវាង​ប្រើល្បិចកលទារលុយក្រៅច្បាប់

238

ខេត្តកំពង់ចាម៖លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីពន្ធដារខេត្ត ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងភារកិច្ចរបស់ខ្លួន ពីការប្រើល្បិចកលគ្រប់រូបភាព យកលុយក្រៅផ្លូវច្បាប់​ពីប្រជាពលរដ្ឋ មកជាអ្នកបម្រើសេវាល្អជូនប្រជាពលរដ្ឋវិញ ដើម្បីឲ្យពួកគាត់ចូលមកបំពេញកាតាព្វកិច្ចបង់ពន្ធ ដោយមានការពេញចិត្ត។

លោក​អភិបាលខេត្ត បានលើកឡើង​ក្នុងពេលប្រជុំពិនិត្យ និងពិភាក្សា​លើសេចក្តីព្រាងកែតម្រូវ​អចលនទ្រព្យ សំណង់អាគារ ផ្ទះ ដី សម្រាប់ជាមូលដ្ឋានគិតពន្ធ ប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅស្នាក់ការពន្ធដារខេត្តកំពង់ចាម។

ក្នុងកិច្ខប្រជុំនោះលោក គួច ចំរើន បានបញ្ជាក់ថា ៖ដោយសារកន្លងទៅ​លោក​បានទទួលព័ត៌មានច្រើន ទាក់ទងទៅនឹងភាពមិនប្រក្រតីរបស់មន្ត្រីពន្ធដារខេត្ត ដែលបានប្រព្រឹត្តល្បិចកល​ទាមទារលុយក្រៅច្បាប់ពីប្រជាពលរដ្ឋ ដោយយកលេសឯកសារ​ខុសនេះ ខុសនោះ ពិសេស​ពាក់ព័ន្ធក្នុងរឿងបង់ពន្ធប្រថាប់ត្រា ហើយករណីនេះ​បានកើតឡើងដដែលៗ ជាប្រការធ្វើឲ្យប៉ះពាល់​ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ​ក្នុងពេលមកបំពេញកាតព្វកិច្ច​បង់ពន្ធជូនរដ្ឋ​។

លោក​ អភិបាលបានបន្តថា ករណីដូចមានខាងលើ​ គួរតែឈប់ឲ្យមានចាប់ពីថ្ងៃនេះ​តទៅ ហើយត្រូវងាកមក​ធ្វើការប្រឡងប្រណាំង ជាមន្ត្រីបម្រើសេវាល្អ​ជូនប្រជាពលរដ្ឋវិញ ឲ្យស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើន​ចំណូល​ថវិការដ្ឋ​តាមការដែលប្រជាពលរ​ដ្ឋចូលមកបង់ពន្ធ ដោយមានការយល់ដឹង និងដោយមានទំនុកចិត្តនោះ។

ក្នុងឱកាសនោះ ដែរលោកអភិបាលខេត្ត ក៏បានដាស់តឿន​ដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ​ត្រូវខិតខំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ ដើម្បី​ពួកគាត់ចូលខ្លួនមកបំពេញកាតព្វកិច្ច​បានគ្រប់ៗគ្នា ប្រកបដោយការពេញចិត្ត ជៀសវាង​ពេលពួកគាត់មកបង់ពន្ធ​ប្រើសម្ដីមិនសមរម្យ និង​រុញពួកគាត់ឲ្យទៅនេះ ទៅនោះ ដែលជាការបន្ថែមកង្វល់ដល់ពួកគាត់ ធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត ​និងអាចត្រឡប់ទៅផ្ទះវិញ​ដោយសារតែ​បង្ក​ភាពស្មុកស្មាញដល់ពួកគាត់ច្រើនពេក​។
លោកគួច ចំរើន បានអះអាងទៀតថា៖ ដូច្នេះ​ឥរិយាបថ​ដែលធ្លាប់កើតឡើងពីមុន មន្ត្រីពន្ធដារត្រូវធ្វើការកែប្រែឲ្យក្លាយទៅជាអ្នកបម្រើសេវា ​ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងធ្វើការពន្យល់ដល់ពួកគាត់​បានយល់ដឹងច្បាស់លាស់ ដើម្បីឲ្យពួកគាត់ឈានទៅគោរពកាតព្វកិច្ចចូលមកបង់ពន្ធបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង