ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ក្នុងការកសាងប្រទេសជាតិឱ្យទៅជា “ កោះសន្តិភាព “ ឡើងវិញពេញបរិបូរ

107

 

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា “ កោះសន្តិភាព “ ឡើងវិញពេញបរិបូរ នៅក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិ ធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាពស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានរាជរដ្ឋាភិបាលជាស្នូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ ក្នុងការដឹកនាំនាវាកម្ពុជាឱ្យក្លាយ ៖

(១)ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (២)ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេស ដទៃទៀតទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយបរទេសឯករាជ្យផ្អែកលើច្បាប់ (៣) ជារដ្ឋអនុវត្ត សេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និង(៤) ប្រជា ពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ ក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុម ជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាស្នូល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្ដេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណ តម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបាន ដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិនិងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃ របបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រន ព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នាំ ព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។ គិតពីថ្ងៃប្រកាសឱ្យប្រើមកដល់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញនេះមានអាយុកាលគម្រប់៣០ឆ្នាំគត់។ ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព និងឯកភាពជាតិពេញលេញនៅចុងឆ្នាំ១៩៩៨ អាស្រ័យដោយ ជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរការនេះកាន់តែមានលក្ខខណ្ឌគ្រប់គ្រាន់ ជាអាទិ៍ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិមនុស្ស នីតិរដ្ឋ និងសេដ្ឋកិច្ចទីផ្សារ។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពី ឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវ គុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទិ្ធមនុស្ស នីតិរដ្ឋ ) ដោយតាក់តែងបញ្ចូលទាំងស្រុងនិងដោយលម្អិតនូវខ្លឹមសារន ឧបសម្ព័ន្ធទី៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងអំពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញ រួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាន នូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។

ក្នុងដំណើរការអនុវត្តរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដោយអនុវត្តស្របតាមនីតិវិធីដូចមានកំណត់ក្នុង រដ្ឋធម្មនុញ្ញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម ពិសេសនៅចំពោះមុខករណីនៃការជាប់គាំង ផ្នែកច្បាប់និងផ្នែកនយោបាយ ដែលចាំបាច់ត្រូវដោះស្រាយ តាមរយៈការចរចាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ព្រមទាំងធានាការគោរពលទ្ធផលនៃការបោះឆ្នោត ជាអាទិ៍ត្រូវធានារក្សាឱ្យបានប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ ស្ថាប័នជាតិ។ ដោយពិត ការសម្រេចបានដំណោះស្រាយនៃភាពជាប់គាំងទាំងនេះ បាននាំមកនូវមនុញ្ញផល ដ៏ថ្លៃថ្លា សម្រាប់ដំណើរទៅមុខជាប្រក្រតីរបស់ប្រទេសជាតិប្រកបដោយស្ថិរភាព។

ពិនិត្យការអនុវត្តគោលការណ៍គ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន
សមិទ្ធផលគួរកត់សម្គាល់សំខាន់ៗដូចខាងក្រោម៖
១- កម្ពុជារក្សាការពារនិងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ក្នុងប្រវត្តិ សាស្ត្រទំនើបរបស់ខ្លួន ស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។ ក្នុងរយ:ពេល៣០ឆ្នាំមកនេះ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញកម្ពុជាបានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាព ក្នុងទម្រង់ជារាជានិយមជឿនលឿន ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របនឹងបរិបទនៃសង្គមខ្មែរ។ របបរាជានិយមបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងធ្វើឱ្យកាន់តែរីកចម្រើន សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរាប់ពាន់ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា។ អង្គព្រះមហាក្សត្រនិង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានទទួលការគោរពលើកតម្កើងដ៏ខ្ពង់ខ្ពស់ ពីគ្រប់ស្ថាប័នជាតិ និងស្វាមីភក្តិ យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ ជា និមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

២-លទ្ធិប្រជាធិបតេយ្យរសរីពហុបក្សជាមូលដ្ឋានគ្រឹះនសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា
កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រតិបត្តិតាមរបបសភានិយម របបងចែក អំណាច របបបោះឆ្នោត របបពហុបក្ស របបសេរីភាពនិងនីតិរដ្ឋ ដែលជាគោលការណ៍នៃសណ្ដាប់ធ្នាប់នយោបាយ ទំនើប។ ឆ្លងតាមការអនុវត្តជាក់ស្ដែង របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន មានជាអាទិ៍៖
និយាមគោលការណ៍ទី១: ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ដោយអំណាច ទាំងអស់ជារបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបីមានសមត្ថកិច្ចដាច់ពីគ្នា។ រវាងអំណាចនីតិប្បញ្ញត្តិ នឹងអំណាចនីតិប្រតិបត្តិ មានការអនុវត្ត គោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភាផ្ដល់សេចក្ដីទុកចិត្តបង្កើតរាជរដ្ឋាភិបាល ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីមកពីគណបក្សឈ្នះឆ្នោត តំណាងឱ្យមតិភាគច្រើនក្នុងរដ្ឋសភា ហើយរដ្ឋសភាមិនអាចត្រូវបាន រំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈ ១២ខែ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង មិនធ្លាប់កើតមានករណីនេះទេ ជាហេតុនាំមកនូវស្ថិរភាពរដ្ឋសំភានិង ស្ថិរភាពរាជរដ្ឋាភិបាល នៅគ្រប់នីតិកាលនៃរដ្ឋសភា ហើយស្ថិរភាពនេះបានក្លាយជាកម្លាំងជំរុញ ក្នុងការ សម្រេចកិច្ចការរដ្ឋប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទនៃរបបប្រជាធិបតេយ្យសភា។

ជាក់ស្ដែង លើកិច្ចការកសាងច្បាប់ ស្ថាប័ននីតិប្បញ្ញត្តិបានអនុម័តរៀបចំមូលដ្ឋានគតិយុត្តជាបន្តបន្ទាប់ ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គម។ តាំងពីឆ្នាំ១៩៩៣មកដល់ពេលនេះ រាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភាកសាងបានច្បាប់ជាតិ រួមទាំងលិខិតុបករណ៍អន្តរជាតិ សរុបចំនួន ៦៤៩ច្បាប់ ដើម្បីបម្រើសំណូមពរ របស់សង្គមនិងការអភិវឌ្ឍ។
និយាមគោលការណ៍ទី២: កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្សយ៉ាងទៀងទាត់ តាមការកំណត់នៃច្បាប់ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដោយម្យ៉ាងរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាព នយោបាយធានាដោយច្បាប់ និងម្យ៉ាងទៀតធានារក្សាបាននូវការចូលរួមការបោះឆ្នោត ដែលផ្ដល់ឱកាសឱ្យមាន ការជ្រើសរើស និងការផ្ដល់ជំនឿទុកចិត្តលើគុណតម្លៃនយោបាយ និងភាពជាអ្នកដឹកនាំរបស់គណបក្ស នយោបាយប្រកួតប្រជែង។ ជារួម គ្រប់ដំណើរការរៀបចំការបោះឆ្នោតមានការវិវត្តរីកចម្រើនពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ ដោយធានាបាននូវភាពចម្រុះ និងភាពប្រកួតប្រជែង និងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងដោយរលូន គ្មានអំពើហិង្សា និងមានការចូលរួមយ៉ាងទូលំទូលាយរបស់គណបក្ស នយោបាយគ្រប់និន្នាការ និងរបស់ប្រជាពលរដ្ឋទៅបោះឆ្នោត។
និយាមគោលការណ៍ទី៣ នយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលបានអនុវត្តមកដល់ពេលនេះ ទោះបីពុំទាន់សុក្រឹត តែបាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា នឹងកំពុងវិវត្តឈានឡើងជាជំហានៗ ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់៖
ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិងលើកកម្ពស់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តគោលនយោបាយ យុទ្ឋសាស្ត្រ និងនីតិវិធីនានា ផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាលទ្ធផលសម្រេចបានមកដល់ពេលនេះ ដំណើរប្រជាធិបតេយ្យនីយកម្មថ្នាក់ក្រោមជាតិបានវិវត្ត ឈានឡើងពេញលេញ តាមរយៈការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ។ ក្នុងអំឡុងពេលមួយដ៏ខ្លី បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការបោះឆ្នោតសកលដោយផ្ទាល់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០០២ ដើម្បីជំរុញដំណើរការ ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានទូទាំងប្រទេស ហើយចាប់ពីឆ្នាំ២០០៩មក ក្នុងទិសដៅលើកកម្ពស់ប្រព័ន្ធ គ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗក៏មានក្រុមប្រឹក្សា មួយជាតំណាងសាធារណៈ ដែលត្រូវបានជ្រើសរើសតាមការបោះឆ្នោតអសកល។ ជារួម លើទិដ្ឋភាពសា្ថប័ន កម្ពុជា បានវិវឌ្ឍយ៉ាងលឿនក្នុងការកសាងក្របខ័ណ្ឌស្ថាប័នប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ដំណើរការបង្រួបបង្រួមជាតិ និងសមាហរណកម្មជាតិឡើងវិញ។

ជំហានវឌ្ឍនភាពទី២៖ ដំបូងឡើយរបបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយ ជានីតិវិធីកំណត់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្ត បង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ ប៉ុន្តែសម្ព័ន្ធភាពជា ដៃគូល្អ និងវប្បធម៌សន្ទនានេះពុំមានភាពជាប់លាប់ អាស្រ័យដោយចរិតនយោបាយជ្រុលនិយមនៃគណបក្ស នយោបាយមួយចំនួន ដែលនាំឱ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយ ការបោះឆ្នោតនីតិកាលនីមួយៗ។ ទីបំផុត ដើម្បីដោះស្រាយវិបត្តិជាប់គាំងច្រំដែលនេះ ទើបនៅឆ្នាំ២០០៦ គណបក្ស នយោបាយក្នុងរដ្ឋសភា បានរកឃើញការឯកភាពគ្នា តាមរយៈច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ ដោយធ្វើការកែសម្រួលនីតិវិធីអនុម័តពីសំឡេង២/៣ មកសំឡេងភាគច្រើនដាច់ខាត ៥០%+១ សម្រាប់ការបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល ។

ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានកែទម្រង់ឱ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ និងមានការធានានូវភាពចម្រុះ និងអព្យាក្រឹតភាព។ដូច្នេះច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានកែសម្រួល ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះនៃសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតដោយកំណត់ឱ្យគណបក្សមានអាសនៈក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាពនៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមមតិភាគច្រើនដាច់ខាត។

ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ និងមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ឬដោយប្រយោលក្តី ដែលនាំឱ្យប៉ះពាល់ដល់ឧត្ដម ប្រយោជន៍ជាតិ។

ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិបរិសុទ្ធ តាមរយៈការកំណត់ លក្ខណសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញ របស់ជាតិ រួមមាន៖ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងគោលដៅ បញ្ចៀសការជ្រៀតជ្រែកពីបរទេស និងបង្ហាញពីភក្ដីភាពចំពោះជាតិមាតុភូមិ។

ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការ ប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពតទៅអនាគត់ នៅគ្រប់កាលៈទេសៈ។
ពិនិត្យជារួម ទន្ទឹមនឹងជំហានវឌ្ឍនភាពធម្មនុញ្ញថ្មីៗទាំងនេះ បញ្ហាប្រឈមមួយចំនួនក៏បានលេចឡើង ផងដែរ ដូចជាករណីគណបក្សជំទាស់មួយចំនួនបានវិវត្តក្លាយជាចលនានយោបាយជ្រុលនិយម ប្រើការញុះញង់ បង្កអស្ថិរភាពសង្គម ធ្វើសកម្មភាពផ្ទុយនឹងច្បាប់និងមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដោយមាន
និន្នាការប្រឆាំងដើម្បីផ្ដួលរំលំក្រៅនីតិវិធីនៃការបោះឆ្នោត។

៣- កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋបតិបត្តិតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ គោលការណ៍ទី១៖ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់បទស
កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរព ក្នុងនោះរាជរដ្ឋាភិបាល ជាអង្គការនីតិប្រតិបត្តិ មានសមត្ថកិច្ចកំណត់និងអនុវត្ថុនយោបាយរបស់រដ្ឋ ស្របតាមគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលបានរៀបចំក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌស្ថាប័ន សម្រាប់ការគ្រប់គ្រងប្រទេស ព្រមទាំងកំណត់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ សម្រាប់គ្រប់នីតិកាលនៃរដ្ឋសភា ពិសេសចាប់ពីនីតិកាលទី២នៃរដ្ឋសភា បន្ទាប់ពីប្រទេសមានសុខសន្តិភាព ពេញលេញ រាជរដ្ឋាភិបាលបានអនុវត្តជាបន្តបន្ទាប់ប្រកបដោយជោគជ័យ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ ជាមួយនឹង ការធ្វើការកែទម្រង់យ៉ាងខ្ជាប់ខ្ជួនលើវិស័យការងារសំខាន់ៗ ដោយផ្តោតលើការកែទម្រង់អភិបាលកិច្ចជាស្នូល
ដែលត្រូវបានធ្វើទំនើបកម្មជាប្រចាំ។ ជាសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់សម្រេចបាន រាជរដ្ឋាភិបាលរក្សា ការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយបង្រួបបង្រួមជាតិនិងឯកភាពជាតិដោយ ជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថែរក្សាការពារ ប្រាសាទ បុរាណ វត្ថុសិល្បៈបុរាណ និងការកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ ត្រូវបានយកចិត្តទុកដាក់អនុវត្ត យ៉ាងសកម្មក្នុងស្មារតីសហប្រតិបត្តិការ, នីត្យានុកូលភាព សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈត្រូវបានរក្សា ការពារយ៉ាងគត់មត់, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើនក្នុងល្បឿនឆាប់រហ័ស ធ្វើឱ្យជីវភាពរស់នៅនិង
សុខុមាលភាពរបស់ប្រជាជនមានការប្រែប្រួលកាន់តែល្អប្រសើរ។

គោលការណ៍ទី២ ៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្ដីទាំងអស់ដែល ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ប្រមូលផ្ដុំសំខាន់លើការធ្វើទំនើបកម្មច្បាប់ ការពង្រឹងពង្រីកការគោរពតម្លៃសិទ្ធិមនុស្ស ការលើកកម្ពស់សមត្ថភាព ស្ថាប័នតុលាការ និងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ ដើម្បីធ្វើឱ្យប្រព័ន្ធតុលាការកម្ពុជា បន្តវិវឌ្ឍខ្លួនឈានឡើងពេញលេញ ស្របតាមប្រព័ន្ធយុត្តាធិការទំនើប។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធនេះត្រូវបានពង្រីកដោយបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ នូវរដ្ឋបាលយុត្តិធម៌ និងសាលាឧទ្ធរណ៍ចំនួន ០៣តំបន់ បន្ថែមលើសាលាដំបូងនៅ២៥រាជធានី-ខេត្ត សាលាឧទ្ធរណ៍១ និងតុលាការកំពូល ដែលកំពុងដំណើរ ការជាធរមាន។ ក្នុងនោះផងដែរ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺជាតុលាការពិសេសមួយដែលមាន សមាសភាពខ្មែរនិងបរទេសត្រូវបានបង្កើតឡើង រវាងកម្ពុជាជាមួយអង្គការសហប្រជាជាតិ ក្នុងរចនាសម្ព័ន្ធតុលាការ ដែលមានស្រាប់របស់កម្ពុជា ដោយទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។ ដំណើរការតុលាការនេះ ជាសក្ខីភាពនៃការអនុវត្តយ៉ាងពេញលេញនូវច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ស្របតាម រដ្ឋធម្មនុញ្ញកម្ពុជា និងជាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ដែលជាជនរងគ្រោះដោយអំពើប្រល័យ ពូជសាសន៍។

គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ។ ក្រោយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ស្ថាប័ននេះ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយ បញ្ហាធំៗមួយចំនួនរបស់ជាតិ ក្នុងឋានៈជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត។ ចាប់តាំងពីពេលបង្កើតមក ក្រុមប្រឹក្សា ធម្មនុញ្ញបានសម្រេចការងារសំខាន់ៗមួយចំនួន ក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ រួមមានការថ្វាយមតិ ព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញ, ការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់, និងការសម្រេច លើករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត។ ជាការកត់សម្គាល់ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ភាគច្រើននៃសេចក្ដីសម្រេចមានចរិតជាយុត្តិសាស្ត្រ ទាក់ទងនឹងគោលការណ៍ ដែលរួមចំណែកដល់ការការពារសិទ្ធិសេរីភាពជាសារវន្ត និងការធានាការគោរពគោលការណ៍នីតិរដ្ឋ ។

ដោយឡែក ទន្ទឹមនឹងដំណើរឈានឡើងជាសង្គមនីតិរដ្ឋ កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ដែលត្រូវពុះពារ ដោះស្រាយ ជាអាទិ៍ទាក់ទងនឹងការយល់ដឹងអំពីច្បាប់ និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុង ចំណោមមូលហេតុនៃបញ្ហាទាំងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់គឺ៖
បញ្ហាទី១:លក្ខណៈជឿនលឿននៃរដ្ឋធម្មនុញ្ញនិងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកលនិងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលរំលា សម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្ដុះបណ្ដាល (រួមទាំងការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៍គ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ ស្ថាប័នពាក់ព័ន្ធរហូតដល់មហាជន ដោយមានការចូលរួមទាំងស្ថាប័នរដ្ឋ និងគ្រប់តួអង្គសង្គម ដើម្បីរួមគ្នាកសាង សង្គមនីតិរដ្ឋ សម្រាប់ពេលបច្ចុប្បន្ននិងតទៅអនាគត។ ដោយឡែកស្ថាប័នអនុវត្តច្បាប់ មានតួនាទីសំខាន់ក្នុង

(១)ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (២)ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេស ដទៃទៀតទាំងអស់លើសកលលោកដោយអនុវត្តនយោបាយបរទេសឯករាជ្យផ្អែកលើច្បាប់ (៣) ជារដ្ឋអនុវត្ត សេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និង(៤)ប្រជា ពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ ក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុម ជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាស្នូល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណ តម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបាន ដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិនិងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃ របបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

កិច្ចការនេះ ទាំងភារកិច្ចផ្សព្វផ្សាយច្បាប់ ទាំងការបំពេញសមត្ថកិច្ចផ្ទាល់របស់ខ្លួន ដោយត្រូវធ្វើជាគំរូដល់មហាជន និងប្រកាន់ខ្ជាប់សុចរិតភាព តម្លាភាព និងការទទួលខុសត្រូវ។

បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈម ក្នុងការអនុវត្តជាក់ស្ដែង ដោយសារបរិវត្តកម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈដែល ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវច្បាប់ ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួន តាមរយៈសាលាជម្រះក្តី ដែលអាចនាំឱ្យមានគម្លាតយុត្តិធម៌សង្គមក្នុងករណីខ្លះ។ ក្នុងទិសដៅបង្កើនយុត្តិធម៌នៅ ក្នុងសង្គម រាជរដ្ឋាភិបាលបានផ្តល់ជំនួយគតិយុត្ត តាមរយៈការផ្តល់មេធាវីមួយក្រុមដើម្បីជួយដល់ជនក្រីក្រ។ ម្យ៉ាងទៀតក្រៅពីការប្រើប្រាស់យន្តការតុលាការ ក៏នៅមានការប្រើប្រាស់យន្តការផ្សះផ្សាសម្រុះសម្រួល ដោយ សន្តិវិធីនូវវិវាទរឿងក្ដីក្រៅប្រព័ន្ធតុលាការ ជាពិសេសនៅមូលដ្ឋានភូមិឃុំ ស្របតាមទំនៀមទម្លាប់ប្រពៃណីរបស់ អ្នកភូមិ ដែលបានរួមចំណែកជួយដោះស្រាយទំនាស់នានាបានមួយផ្នែក ទន្ទឹមនឹងរក្សាបាននូវភាពសុខដុមរមនា សង្គមបានល្អថែមទៀត។

៤-កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពាររបបកម្មសិទ្ធិឯកជននិងយុត្តិធម៌សង្គម

ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិ ឯកជន។ រដ្ឋយកចិត្តទុកដាក់អនុវត្តនិងលើកស្ទួយក្របខ័ណ្ឌគោលនយោបាយឯកជនភាវូបនីយកម្ម បើកចំហ ពាណិជ្ជកម្ម ជំរុញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ដោយចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងសកលភាវូបនីយកម្ម ពិសេសតាមរយៈការចូលជាសមាជិកអាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោក។ ផ្អែកលើគោលការណ៍គ្រឹះនៃសេដ្ឋកិច្ចទីផ្សារ និងស្មារតីនៃរដ្ឋធម្មនុញ្ញវិស័យឯកជនត្រូវបានចាត់ទុកជាកម្លាំងចលករ ជាដៃគូអភិវឌ្ឍ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយរដ្ឋមានតួនាទីជានិយ័តករ។ ក្នុងតួនាទីនេះ រដ្ឋកសាងច្បាប់ និងគោលនយោបាយ ជំរុញការអភិវឌ្ឍលើកកម្ពស់សហគ្រិនភាព ការប្រកួតប្រជែងស្មើភាព និងផ្ដល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ រួមជាមួយផ្នែកឯកជន។ ទន្ទឹមនេះ រដ្ឋយកចិត្តទុកដាក់ដល់ផល ប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច។ ជាក់ស្តែងគោលនយោបាយសង្គមកិច្ច តាមរយៈវិធានការការពារនិងគាំពារសង្គមយ៉ាងល្អិតល្អន់ ត្រូវបាន រាជរដ្ឋាភិបាលអនុវត្តជាបន្តបន្ទាប់ ជាអាទិ៍៖ ការយកចិត្តទុកដាក់អំពីប្រាក់បៀវត្សរ៍មន្ត្រីរាជការសាធារណៈ ប្រាក់ឈ្នួលអប្បរមារបស់កម្មករ របបសោធននិវត្តន៍ ការថែទាំសុខភាព និងការផ្ដល់ជំនួយសង្គមដល់ក្រុមជន ងាយរងគ្រោះ និងក្នុងពេលមានគ្រោះអាសន្ន ដូចជាករណីអនុវត្តវិធានការការពារនិងព្យាបាលប្រកបដោយ ជោគជ័យ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង