ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាព ទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយ ការវាយប្រហាររបស់ក្រុមហាម៉ាស

82

(តែល អាវីវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាព ទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយ ការវាយប្រហាររបស់ក្រុមហាម៉ាស ស្របពេលអ៉ីស្រាអែលបានយល់ព្រមសហការលើជំនួយស៊ីវិលសម្រាប់តំបន់ហ្កាហ្សា។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចាយពេលជិត ៨ម៉ោង ក្នុងជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ចាប់តាំងពីមានការវាយប្រហាររបស់ ក្រុមហាម៉ាសកាលពីថ្ងៃទី៧​ ខែតុលាមក។

តាមលោក Blinken នៅព្រឹកថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែល លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់ សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែល រួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ លោកប្រមុខការទូតអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា អ៉ីស្រាអែលមានសិទ្ធិ និងភាពចាំបាច់ដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករដទៃទៀត និងដើម្បីបង្ការកុំឱ្យមានការវាយប្រហារជាថ្មី នៅពេល អនាគត។ «លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភាសំដៅបំពេញតម្រូវការ ទាំងនោះ»។ នេះការបញ្ជាក់បន្ថែមរបស់លោក Blinken។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានឱ្យដឹងដូចគ្នាថាលោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល ហើយលោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៉ីបដែរ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានសន្យាកម្ទេចក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារបស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែលបានសម្លាប់មនុស្សជាង ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ប៉ុន្តែ ខណៈអ៉ីស្រាអែលអះអាងពីសិទ្ធិការពារខ្លួន ជាមួយការវាយប្រហារទម្លាក់គ្រាប់បែកឥតសំច្ចៃលើតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹង ក្រុមហាម៉ាស មនុស្សជាង ២,៧០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងជាងមួយលាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងតំបន់ហ្កាហ្សា៕

 

អត្ថបទដែលជាប់ទាក់ទង