ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ បានសន្យាថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត លោកនឹងហាមឃាត់ជនភៀសខ្លួន ដែល គាំទ្រក្រុមហាម៉ាស ចូលក្នុងសហរដ្ឋអាមេរិក

94

CLIVE, Iowa៖ លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសន្យាថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត លោកនឹងហាមឃាត់ជនភៀសខ្លួន ដែល គាំទ្រក្រុមហាម៉ាសចូលក្នុងសហរដ្ឋអាមេរិក ព្រមទាំងបណ្ដេញជនភៀសខ្លួនទាំងឡាយណាដែលបង្ហាញការគាំទ្រជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក ដូណាល់ ត្រាំ ធ្វើការសន្យាបែបនេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងរដ្ឋ Iowa និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ហាម៉ាស ដែល បានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់ ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាង ២,៨០០នាក់។ លោក ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បាននិយាយថាប្រសិនបើលោកជាប់ឆ្នោតជាលើកទី២ លោកនឹងហាមឃាត់ អ្នកទាំងឡាយណាដែលមិនជឿថាអ៉ីស្រាអែលជាប្រទេស ចូលក្នុងសហរដ្ឋអាមេរិក ហើយលុបចោលទិដ្ឋាការរបស់និស្សិតបរទេសដែលមានគំនិតប្រឆាំងជនជាតិជ្វីហ្វ។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកចង់លុបបំបាត់រដ្ឋអ៉ីស្រាអែល អ្នកនឹងត្រូវបានហាមឃាត់ ប្រសិនបើអ្នកគាំទ្រហាម៉ាស ឬមនោគមន៍វិជ្ជារបស់ហាម៉ាស អ្នកនឹងត្រូវបានហាមឃាត់ ហើយប្រសិនបើអ្នកជាកុម្មុយនិស្ដ ម៉ាកនិយម ឬក៏ហា្វស៊ីស អ្នកនឹងត្រូវបានហាមឃាត់»

គួរបញ្ជាក់ថា អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានដាក់បម្រាមហាមឃាត់ប្រជាជនមកពីប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាម ភាគច្រើនមួយចំនួនចូលក្នុងសហរដ្ឋអាមេរិកផងដែរ។ តែបម្រាមនេះត្រូវបានលុបចោលទៅវិញ នៅពេលលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ បើតាមលោក ត្រាំ លោកនឹងហាមឃាត់ជនភៀសខ្លួនមកពីប្រទេសលីប៊ី សូម៉ាលី ស៊ីរី និងយេម៉ែន ឬក៏ជនភៀសខ្លួន មកពីប្រទេសទាំងឡាយណាដែលលោកយល់ថា គំរាមកំហែងដល់សន្តិសុខអាមេរិក បើលោកជាប់ឆ្នោតសាជាថ្មីនៅឆ្នាំ២០២៤៕

 

អត្ថបទដែលជាប់ទាក់ទង