ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះបន្ទប់បើកថ្នាំជាន់ទី២ នៃមន្ទីរពេទ្យកុមារជាតិ ផ្អើលទាំងគ្រូពេទ្យនិងអ្នកជំងឺ រត់ចែកជើងគ្នា

116

 

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនិងអ្នកជំងឺ បានរត់ចែកជើងគ្នាចុះមកជាន់ក្រោម ខណៈឮសម្លេងផ្ទុះ ហើយបានឃើញផ្សែងនិងអណ្តាតភ្លើងឆាបឆេះក្នុងបន្ទប់បើកថ្នាំពេទ្យជាន់ទី២ នៃអគារសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ ។

   ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់បើកថ្នាំជាន់ទី២ ក្នុងអគារសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិ១៤ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ជុំវិញហេតុការនេះត្រូវបានគេដាក់ ការសង្ស័យថា អាចបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានសម្លេងផ្ទះនិងឆេះឡើងតែម្តង។

     បើតាមក្រុមគ្រូពេទ្យ ដែលធ្វើការនៅបន្ទប់កើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានលាន់ឮសំឡេងផ្ទុះ ដែលគេសង្ស័យឆ្លងចរន្តអគ្គិសនី ហើយក៏ចេញផ្សែង និងអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះ ក្រុមគ្រូពេទ្យ និងឪពុកម្តាយក្មេងៗអ្នកជំងឺ ក៏បាននាំគ្នាពរកូនចុះមកក្រោមរត់ជាន់ជើងគ្នា ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានភ្លាមៗដែរ។ ខណៈភ្លើងកំពុងតែឆេះមិនបានប៉ុន្មាននាទីផង គេក៏បានឃើញ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន២គ្រឿង ចុះមកដល់កន្លែងកើតហេតុ ដើម្បីបាញ់ទប់ស្កាត់កុំឲ្យភ្លើងរាលដាលទៅបន្ទប់ផ្សេងៗថែមទៀត ហើយបន្តបន្ទាប់មកទៀតក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់នរគបាលរាជធានីភ្នំពេញ បន្តរហូតដល់វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃដដែលនេះ ទើបអណ្តាតភ្លើងរលត់ទាំងស្រុង។

     ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៧គ្រឿង ស្មេីនឹង២៨ម៉ែត្រគូប ដោយមានរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ស្មើនឹង៤ម៉ែត្រគូប។

     ក្នុងករណីអគ្គីភ័យខាងលើនេះបានបណ្តាលឲ្យខូចខាតនូវសម្ភារៈ និងឯកសាររបស់ពេទ្យមួយចំនួន និងឯកសាររបស់អ្នកជំងឺ តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង