ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍

202


១)ឃាតករ យ៉ាងសាហាវ ដែលប្រើប្រាស់សារធាតុញៀន ធ្លាប់ជាប់ពន្ធនាគារ២លើក បានចាប់ប្រពន្ធចងដៃជាប់ដោយក្រមា រុញដណ្តើរផ្ទះចេញ ហើយកាប់សម្លាប់ប្រពន្ធ កាលពីថ្ងៃទី២៤.១០.២០១៨វេលាម៉ោង១៧និង២០នាទី នៅភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងកក់ក្តៅ មុននឺងសមត្តកិច្ចឃាត់ខ្លួន។
ជនដែដល់ឈ្មោះ ម៉ាន់ ធុង ភេទ ប្រុស អាយុ ៣៧ឆ្នាំ បានយកក្រម៉ា ចងដៃ ប្រពន្ធឈ្មោះ អុល ថន អាយុ៣៣ ឆ្នាំ រស់នៅដំបូលផ្ទះតែមួយ ក្រោយមកបានធ្វើសកម្មភាព យកកាំបិត ផ្គាក់ កាប់ ទៅលើប្រពន្ធ បណ្តាលឲ្យ ដេកស្លាប់នៅនៅលើផ្ទះរបស់ខ្លួនតែម្តង៕

២)លោកអភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា៖មានការលើកឡើងតាមបណ្តាញសង្គម និងប្រពន្ធ័ពត៌មានមួយចំនួនជុំវិញ ស្ថានភាពរអិលបាក់ដីនៅមុខវត្តក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅដោយ ទំលាក់ការទទួលខុសត្រូវទៅលើការបូមខ្សាច់ក្នុងទន្លេ។
​ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៥ខែតុលានេះលោកអភិបាលខណ្ឌច្បារអំពៅបានចុះ ទៅកាន់វត្តក្ដីតាកុយដោយសារស្ថានភាព នៅទីនោះរហូតមកដល់ម៉ោងនេះស្ថានភាព រអិលដីច្រាំងទន្លេមុខវត្តក្តីតាកុយ មាន ស្ថានភាពប្រសើរវិញហើយក្រោយ ពីអាជ្ញាធរខណ្ឌបានចាត់វិធានការដាក់បាវខ្សាច់ទប់ នៅចំណុចប៉ះពាល់ដីរអិលនេះដើម្បីទប់ស្កាត់ ការបាក់រអិលចូលទន្លបន្តទៀត។
ក្នុងនោះលោកចេង មុនីរា អភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា៖ស្ថានភាព នេះមិនមែនបាក់ច្រាំងទន្លេទេ គឺជាការរអិលដីដែលត្រូវព្រះសង្ឃចាក់ដីខ្សាច់ថ្មីពីលើដីចាស់ ហើយស្របពេលមានភ្លៀងធ្លាក់ខ្លាំងទឹកភ្លៀងក៏ហូរច្រោះពីក្រោមដី រួចក៏រអិលដីខ្សាច់ថ្មីនោះតែម្តង ដែលធ្វើឲ្យប៉ះពាល់ដល់ចេតីយ៏ចំនួន២ផងដែរ។
​ ជាមួយគ្នានោះលោកអភិបាលខណ្ឌបានឲ្យដឹងថា៖ មានតែអ្នករស់នៅតាមដងទន្លេទេទើបដឹងច្បាស់ពីស្ថានភាព នៃការបាក់ច្រាំងទន្លេ។ជាធម្មតាច្រាំងតែងបាក់នៅពេលទឹកឡើង និងពេលទឹកស្រកជារឿងធម្មជាតិ ដែលតែងកើតមានឡើងស្ទើរតែគ្រប់ទីកន្លែងតាមដងទន្លេ៕

៣) អាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥តុលា បានកោះប្រជុំជាមួយម្ចាស់ក្លឹបកំសាន្ត,ខារាអូខេ ផ្ទះសំណាក់,បាបារាំង,សណ្ឋាគារលំដាប់ផ្កាយក្នុងរាជធានីភ្នំពេញ មកប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជ្រាប ការយល់ដឹង និងទប់ស្កាត់បទល្មើសគ្រឿងញៀនរួមទាំងការចុះកិច្ចសន្យាលើកិច្ច សន្យាសហការ និងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនោះថា ការទប់ស្កាត់បទល្មើសគ្រឿងញៀនចាំបាច់ត្រូវតែមានការចូលរួម សហការពីម្ចាស់អាជីវកម្មដ្ឋាន,ក្លឹបកំសាន្ត,សណ្ឋាគារ,ផ្ទះសំណាក់,ខារ៉ាអូខេ ទាំង១៣៨៣ទីតាំងក្នុងរាជធានីភ្នំពេញ និងត្រូវមានការយល់ដឹងពីច្បាប់ស្ដីពីគ្រឿងញៀន។លោកមាន ចាន់យ៉ាដា ថ្លែងថា ទីតាំងរបស់អស់លោក លោកស្រី គឺផុយស្រួយណាស់ងាយរអិលចូលទៅក្នុងបទល្មើសគ្រឿងញៀនបើយើងមិនបានយកចិត្តទុកដាក់ទប់ស្កាត់ទេនោះ ។ នេះជាវិធានការថ្មី១ទៀតចំពោះម្ចាស់អាជីវកម្ម ដ្ឋាន,ក្លឹប កំសាន្ត,សណ្ឋាគារ,ផ្ទះសំណាក់ក្នុងការចុះកិច្ចសន្យាចូលរួមទប់ស្កាត់ បទល្មើសគ្រឿងញៀន មានការចែកចាយ,ប្រើប្រាស់ ,ជួញដូរជាដើមដែលចាំបាច់ត្រូវមានការចូលរួមសហការពីម្ចាស់ទីតាំងអាជីវកម្ម។ដោយឡែកបើម្ចាស់ អាជីវកម្មមានអាញ្ញាបណ្ណ័ហើយក្តីតែប្រព្រឹទ្ធផ្ទុយពីច្បាប់គឺត្រូវប្រឈមមុខច្បាប់ ដូចគ្នា។
អាជ្ញាធរបានកត់សំគាល់ឃើញថា កន្លងមកនេះ មានម្ចាស់សណ្ឋាគារ,ផ្ទះ សំណាក់,ក្លឹបកំសាន្តនិងម្ចាស់ទីតាំង​ខារ៉ាអូខេមួយចំនួនមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យឲ្យបានម៉ត់ចត់ទៅលើភ្ញៀវដែលចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដូចករណីខ្លះមានក្មេងស្ទាវមិនគ្រប់អាយុជាក្រុមពពាក់ពពូនចូលដេក​​ ផ្ទះសំណាក់ជាដើមដែលជាមុខសញ្ញាត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះ ម្ចាស់ទីតាំងក្លឹបកំសាន្ត,ផ្ទះសំណាក់,សណ្ឋាគារក៏ត្រូវត្រួតពិនិត្យបុគ្គលិករបស់ ខ្លួនដែលបំរើការក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដូចជាការពិនិត្យទឹកនោមរកសារធាតុជាញៀនជាដើម៕

៤)ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានលួចខ្សឹបថា មានឈ្មួញរកស៊ីឈើខុសច្បាប់ បានលួចយកឈើជាច្រើនកំណាត់ មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌាមួយកន្លែង ដែលមានឈ្មោះថា ក្រុមហ៊ុន SK ដើម្បីត្រៀមដឹកចេញទៅលក់នៅប្រទេសវៀតណាម។
ជាក់ស្តែងលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមយ្យការសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងធំនៅក្នុងក្រុមហ៊ុន SK (ហៅ ក្រុមហ៊ុន ឥណ្ឌា) ភូមិអូរសាប ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ។ ប្រតិបត្តិការខាងលើនេះ មិនទាន់បញ្ចប់នៅឡើយ គឺនៅតែបន្តទៀត ក្រោមការដឹកនាំ របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងការបង្ក្រាបនោះ កម្លាំងកំពុងបន្តរុករក និងប្រមូលឈើដែលក្រុមឈ្មួញគរ លាក់ទុកយកទៅផ្ញើទុក ក្នុងរោងចក្រក្រុមហ៊ុន SK រហូតដល់ពេលរាំងស្ងួត ទើបយកមធ្យោបាយដឹកឈើទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដនៅមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេគឺរង់ចាំសរុបនៅ ពេលក្រោយ។
យោងតាមសម្រង់សម្តីពីប្រភពមហាជន នៅមូលដ្ឋាននោះ បានឲ្យដឹងបន្ថែមទៀតថា ចំណាត់ការរបស់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ នៅតំបន់នោះ គឺហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ លើសកម្មភាពដឹកឈើខុសច្បាប់នេះឡើយ ហើយយូរម្តង ទើបឃើញសមត្ថកិច្ចចាត់វិធានការច្បាប់ជាក់ស្តែង បង្រ្កាបគំនទាំងនោះ ប៉ុន្តែមិនដែលចាប់បានមេឈ្មួញឈើទាំងនោះទេ ៕

៥)កន្លងទៅមានការភ្ញាក់ផ្អើលអំពីដំណឹងថាអតីតតារាសម្តែងលោក ច័ន្ទ រិទ្ធមេធានី ដែល បាត់មុខពីសិល្បៈជាយូរឆ្នាំនោះបានធ្លាក់ខ្លួនរត់ម៉ូតូកង់បីដើម្បីចិញ្ចឹមជីវិត។ អ្នកជិតដិតតារារូប នេះទម្លាយថា អតីតតារាសម្តែងរូបនេះខ្មាសអៀនមិនហ៊ានចូលសិល្បៈ ហើយលោកពិតជារត់ម៉ូតូកង់បីពិតមែន ប៉ុន្តែលោកមិនមានជីវភាពដុនដាបខ្លាំងនោះទេ ។
តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ទី៩០លោក ច័ន្ទ រិទ្ធមេធានី ដែលកំពុងធ្លាក់ខ្លួនរត់កង់បី។ ស៊ិន ឧត្តមផល្លា ក៏ភ្ជាប់ជាមួយពាក្យពេចន៍លើកឡើង​ថា​«​លោ​ក​ ច័ន្ទ រិទ្ធមេធានី សព្វថ្ងៃនេះ លោករស់នៅ ភូមិព្រែ​ក​តាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ ជាមួយគ្រួសារខាងប្រពន្ធ។ លោក ច័ន្ទ រិទ្ធមេធានី ពិតជាមានមុ​ខ​របរជាអ្នករត់កង់បី យ៉ាងពិតប្រាកដមែន ចំណែកភរិយារបស់លោក មានមុខរបរជាអ្នកលក់ចាប់ហួយ ចំណែកជីវភាពគឺសមរម្យ »។
ម្ចាស់ហ្វេសប៊ុកផេក Movie Star Research រូបនេះបានលើកឡើងដែរថាលោក ច័ន្ទ រិទ្ធមេធានី ក៏ត្រូវបាន ខា​ងផលិតកម្មមួយចំនួន បានទាក់ទងមកលោក ដើម្បីថតភាពយន្ត ប៉ុន្តែលោកមិនទាន់ចង់ចូលប្រឡូកវិញ ដោ​យ​សារតែលោក ចង់រស់នៅក្នុងជីវិតមួយដែលសាមញ្ញ។ ទោះជាយ៉ាងណា លោកពិតជាមានការនឹករលឹ​ក​ដល់មិត្តសិល្បករសិល្បការិនីរួមជំនាន់ ដែលធ្លាប់ស​ម្តែ​ង​រួមគ្នាដូចជា អម្ពរ ទេវី, ទេព រិនដារ៉ូ, នារី រ័ត្នគន្ធា ជាដើម​​ តែដោយសារលោក ធ្លាប់ជាតារាសម្ដែងម្នាក់ លោកពិតជាមានការខ្មាសអៀន ក្រោយពេលដែលលោកក្លាយជាអ្នករត់កង់បី ទើបលោ​ក​មិនហ៊ានប្រឈមមុខជាមួយពិភពលោក។
ទោះជាយ៉ាងណាសព្វថ្ងៃនេះផងដែរ លោក ច័ន្ទ រិទ្ធមេធានី ក៏មានជំងឺប្រចាំកាយផងដែរ គឺ ជំងឺលើសឈាម តែលោកដាច់ខាតមិនលើកដៃសំពះសុំជំនួ​យ​ពីម​ហា​ជនឡើយ លោករក្សាសិទ្ធមិនអោយគេមើលងាយតារាជំនាន់មុនដាច់ខាត ៕

)សំណង់ផែធ្វើអំពីបេតុងអាមេរបស់លោក តាន់ សុខុម ដែលសាងសង់ជាប់មាត់សមុទ្រដោយខុសច្បាប់ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរជំនាញ ចុះវាយកម្ទេចចោលដោយរក្សាឆ្នេរសមុទ្រចំណុចនោះអោយស្ថិតដូចដើមវិញ ។
វាយកម្ទេចចោលផែថ្មនោះ យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលជម្រាបជូនលោកអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ស្តីពីការរុះរើសំណង់ផែធ្វើអំពីបេតុងអាមេ របស់លោកតាន់ សុខុម ដែលសាងសង់ជាប់មាត់សមុទ្រ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរជំនាញ បានចុះធ្វើកំណត់ហេតុផ្អាកសំណង់នេះជាច្រើនដង ប៉ុន្តែម្ចាស់សំណង់នៅតែបន្តសាងសង់ ទើបរដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ៥៤២/១៨ សជណ ចុះថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យម្ចាស់រុះរើដោយខ្លួនឯង ដោយទុកពេល ៧ថ្ងៃ ប៉ុន្តែម្ចាស់មិនព្រមរុះរើឡើយ ។ សំណង់ផែរបស់ឈ្មោះ តាន់ សុខុម បានធ្វើឲ្យប៉ះពាល់សោភ័ណភាពឆ្នេរសមុទ្រ សណ្តាប់ធ្នាប់សាធារណៈ និងគ្មានលិខិតអនុញ្ញាតសាងសង់ ឲ្យរុះរើសំណង់ផែចេញចេញដោយខ្លួនឯង ក្នុងរយៈ៧ថ្ងៃ ក៏ប៉ុន្តែម្ចាស់សំណង់ខាងលើ ពុំបានគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឡើយ។
លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យលោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះអនុវត្តរុះរើតាមខ្លឹមសារសេចក្តីជូនដំណឹង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងធ្វើរបាយការណ៍លទ្ធផល មករដ្ឋបាលខេត្ត។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានសាទរ និងគាំទ្ររពេញទំហឹង ចំពោះអាជ្ញាធរក្រុង ខេត្ត ដែលបានប្រើវិធានការក្តៅ ចំពោះអ្នកមិនគោរពច្បាប់ទាំងឡាយ ដែលមិនគោរព ឬស្តាប់តាមការណែនាំរបស់អាជ្ញាធរ ៕

៧)លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ​អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ​គុក​ទួលស្លែង ត្រូវបានពន្ធនាគារ​ខេត្ត​កណ្តាល ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ជ័យជំនះ ​ក្នុង​ក្រុង​តាខ្មៅ ​រួច​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរ​ពេទ្យ ​មិត្តភាព​ខ្មែរ​-សូ​វៀត ដោយសារមានជំងឺ​រាក ​និងហត់ខ្លាំង ថប់ដង្ហើម។
អតីត​ប្រធាន​មន្ទីរ​ស​២១រូបនោះ ដែលជាប់អស់មួយជីវិត ក្នុងរបបវាលពិឃាត ត្រូវបានគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យរុស្ស៊ី ព្យាបាលឲ្យមានសភាពប្រក្រតី បន្ទាប់មកត្រូវបានបញ្ជូនពីមន្ទីរពេទ្យកាន់ពន្ធនាគារ​ខេត្ត​កណ្តាលវិញផងដែរ​ កាលពីថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨។
សូម​បញ្ជាក់​ថា ​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ​ឌុ​ច ​អាយុ​៧៦​ឆ្នាំ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​ចេញ​សាល​ដីកា ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដែល​ត្រូវ​បាន​រក​ឃើញថា ​មាន​បទ​លើ្ម​ស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ ​និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​និង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី​១៧ ​ខែមេសា ​ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី៦ ​ខែ​មករា ​ឆ្នាំ​១៩៧៩​៕

៨)គ្រូប្រដាល់ជម្រើសជាតិនិងជាអតីតកីឡាករប្រដាល់ជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជាលោកអេ ភូថងសូមអំពាវនាវដល់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ“PhiromCam”បញ្ឈប់យកឈ្មោះលោកទៅលេងសើចដោយបំផ្លើសថាលោកនិយាយ មិនល្អពីលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរ។
​សូមបញ្ជាក់ថាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ“PhiromCam”បានសរសេរថា”លោកគ្រូអេ ភូថងថានៅក្នុង
សហព័ន្ធប្រដាល់ពុករលួតចុយម៉ាយ អត់មានអាណាមើលឃើញគឺគិតតែលុយ ។អញ្ចឹងប្រដាល់ខ្មែរគ្មានថ្ងៃរីកចម្រើនដូចគេ ទេបើមានមេសហព័ន្ធធុនៗនេះ ។ឯកឧត្តមតែម ម៉ឺនគឺជានិម្មិតរូបនៃការដឹកនាំកីឡាប្រដាល់ខ្មែរទៅរកភាព
មហាអន់កីឡាករ និង គ្រូបង្វឹកថ្នាំងថ្នាក់និងនិយាយដើមគ្រប់គ្នា បើមិនចេះធ្វើការលោកគួរតែលាឈប់ទៅ។ ខ្ញុំក៏មើលឃើញថាអន់ដែរ “។
​លោកអេភូថងព្រមានថាលោកនឹងចាត់ការទៅតាមច្បាប់ ប្រសិនបើម្ចាស់គណនីខាងលើ នៅមិនព្រមបញ្ឈប់ការសរសេរបែបនេះ ។
​ជាមួយនឹងការបដិសេធនេះគ្រូបង្វឹករូបនេះអះអាងថា សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើនខ្លាំងណាស់ ។កីឡាករមួយចំនួនចេញទៅប្រកួត នៅក្រៅប្រទេសខ្លះចេញទៅធ្វើជាគ្រូហើយ ទីផ្សារប្រកួតនៅស្រុកខ្មែរក៏ កាន់តែមានទំហ៊ំធំឡើងៗជារៀងរាល់ថ្ងៃដែរ។កីឡាករមានជីវភាពធូរធារមាន ម៉ូតូជិះល្អៗឯខ្លះទៀតមានរហូតដល់ទៅ
រថយន្ដទៀតផង ។
​ចំពោះលុយតម្លៃខ្លួនប្រកួតគឺសហព័ន្ធមិនគ្រប់គ្រងទេ តែសហព័ន្ធកំណត់តម្លៃខ្លួនទៅតាមសមត្ថភាព អ្នកប្រដាល់បើខ្លាំងលុយកាន់តែខ្ពស់ ហើយគេមិនមកបើកពីសហព័ន្ធឡើយ គឺបើកពីស្ថាននីយ៍ទូរទស្សន៍ដោយផ្ទាល់ខ្លួនឯង។
​ដោយឡែកលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានចាត់ទុកថា វាមិនមែនជារឿងគួរឲ្យខ្វាយខ្វល់នោះទេព្រោះនេះ
ជារឿងដែលលោកត្រូវគេវាយប្រហារមិនលស់ពេលឡើយ ។ បញ្ហាសំខាន់របស់លោកគឺរកទីផ្សារប្រកួតសម្រាប់អ្នក
ប្រដាល់របស់លោកដើម្បីឲ្យគេមានជីវភាពកាន់តែប្រសើរឡើង ៕

៨)លិខិតស្នើសុំដោះដូរអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះហត្ថលេខាដោយលោក នា​យឧត្ត​មសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តែទើបបែកធ្លាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ។ ប៉ុន្តែក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤តុលានេះ បានទម្លាយឯកសារដដែល ដែលមានចំណារបដិសេធរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមិនឯកភាពចំពោះសំណើរបស់នាយកឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំដោះដូរទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណារបដិសេធនេះ បានធ្វើឡើងតាំងពីជិត១ឆ្នាំមុន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារមិនឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលស្នើសុំដោះដូរទីតាំងដី និងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅខណ្ឌដង្កោនោះទេ ដែលចំណារនេះបានធ្វើឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។
បើតាមនាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបន្ថែមថា មូលហេតុដែលសម្តេចក្រឡាហោម ស ខេង មិនឯកភាពនឹងសំណើសុំដោះដូរទីតាំងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ ក៏ព្រោះតែរដ្ឋមានដី និងថវិកាសម្រាប់ធ្វើកន្លែងថ្មីរួចហើយ។
សូមបញ្ជាក់ថា លិខិតរបស់នាយឧត្ដមសេនីយ៍នេត សាវឿន បានគោរពស្នើសុំសម្ដេចក្រឡាហោមស ខេង តាំងពីចុងខែធ្នូ ឆ្នាំ២០១៧​មកម្លេះ ហើយគិតមកដល់ពេលនេះ គឺមានរយៈពេលជិត១ឆ្នាំទៅហើយ។
លិខិតដែលគោរពជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោមតូចចង្អៀត ខ្វះអគារសម្រាប់កម្លាំង​បំពេញការងារប្រចាំ​ថ្ងៃ កន្លែងសម្រាកប្រចាំការ កន្លែងកម្លាំងហ្វឹកហាត់ ឃ្លាំងរក្សាទុកអាវុធ ចំណតរក្សាទុករថយន្ត ឃ្លាំងដាក់សម្ភារៈផ្សេងៗ និងនាយកដ្ឋាន​មួយចំនួន ដែលចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងបច្ចុប្បន្ននេះក៏មានចំនួនកើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យជួបការលំបាក​ក្នុង​ការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយម្យ៉ាងវិញទៀតនៅពេលកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការម្ដងៗ ច្រកចេញ-ចូលមានការកកស្ទះ​ចរាចរ​ណ៍ជារៀងរាល់ថ្ងៃ។ ដើម្បីងាយស្រួលក្នុងការបំពេញការងារ និងកែសម្រួលទីតាំងឲ្យមាន​លក្ខណៈសមស្របតាមស្តង់ដារនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនLong Ma Invest And Realestate Co,LTD ធ្វើការដោះដូរទីតាំងខាងលើនេះ និងសុំធ្វើប័ណ្ណកម្មសិទ្ធិ មុនធ្វើការអភិវឌ្ឍន៍ជាថ្នូរ នឹងទីតាំងដីរបស់ក្រុមហ៊ុន​ដែលមានទំហំ៧០.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សាងសង់អគារអគ្គស្នងការដ្ឋាននគរ​បាល​ជាតិ​ទំហំ៣២គុណនឹង៦០ម៉ែត្រ កំពស់១០ជាន់ មានចំនួន១អគារ អគារស្នាក់នៅរបស់កងកម្លាំង២ អគារតាមបទដ្ឋានបច្ចេកទេស​លក្ខ​ណៈ​ស្ដង់ដារទាំងគុណភាព និងសោភ័ណភាព ព្រមទាំងបំពាក់សម្ភារៈបរិក្ខាទំនើបៗ និងរៀបចំបណ្ដាញទឹក-ភ្លើង ជណ្ដើរយន្ត ម៉ាស៊ីនត្រ​ជាក់ និងចាក់ដីបំពេញបន្ថែមលើទីតាំងធ្វើរបងជុំខ្លោងទ្វារ ប៉ុស្ដិ៍យាមជូនជាថ្នូរវិញ៕

៩)​​បុរស​​ចំណាស់​ម្នាក់​ដែលជាអនុប្រធានភូមិ​​ព្រៃ​បឹងបាន​​គាំងបេះដូង​ស្លាប់​នៅ​​ក្នុងផ្ទះ​សំណាក់​ ក្រោយឡើងឋានសួរជាមួយស្រីស្នេហ៍ កាលពី​វេលា​ម៉ោង៤ និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា នេះ ស្ថិតនៅ​ផ្ទះ​សំណាក់​ ​ភ្នំ​មាស​ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
នគរបាលមូលដ្ឋាន បាន​​ឲ្យដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ឃឺ​ន អាយុ​៧១​ឆ្នាំ ជា​អនុប្រធាន​ភូមិ​ព្រៃ​
បឹង សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ ស្រី​ស្នេហ៍​​មាន​ឈ្មោះ ពៅ សាត អាយុ​៣២​ឆ្នាំ ។
កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ជន​រង​គ្រោះ ​និង​ស្រី​ស្នេហ៍ ​បាន​មក​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ លុះដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ គាត់​បាន​ប្រាប់​ស្រី​ស្នេហ៍​ថាដូច​មិនសូវ​ស្រួលខ្លួនទេ ហើយ​ក៏​​ឱ្យ​ស្រី​ស្នេហ៍​ជួយ​កោសខ្យល់​ឱ្យ ។ ​ពេល​នាង​កោស​ខ្យល់រួច​ ដើរ​ចូលទៅ​​ងូត​ទឹក លុះ​​​ចេញ​មកវិញ ក៏​​ឃើញ​គាត់​ដេក​ហាមាត់​ ហើយនាងក៏ទៅ​​អង្រួន​គាត់ តែ​គាត់​មិន​មាត់​មិន​​កទេ ​នាង​​រត់​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់​​ មក​ជួយ​​មើលទើប​ដឹង​ថា គាត់​បាន​ដាច់ខ្យល់​ស្លាប់​​បាត់​ទៅ​ហើយ ។
ក្រោយ​កើតហេតុ មាន​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ ​សន្និដ្ឋានថា ជន​រង​គ្រោះ​​ស្លាប់​ដោយសារ​គាំងបេះដូង ។ ក្នុង​នោះ​ កម្លាំង​​​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​​​គាត់​ស្នាក់​​នោះ មាន​ស្រោម​អនាម័យ​ប្រើ​រួច​​ចំនួន​២នៅ​​ក្នុង​ធុងសំរាម​ទៀត​​ផង ៕

១០) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើសិនជាកូនប្រុសច្បងរបស់សម្ដេច គឺ ហ៊ុន ម៉ាណែត មានសមត្ថភាពអាចឲ្យប្រជាពលរដ្ឋបោះឆ្នោត ជាប់ធ្វើជានាយករដ្ឋមន្ដ្រី នោះលោក ហ៊ុន ម៉ាណែត នឹងត្រូវឡើងកាន់តំណែង ហើយសម្ដេចក៏អនុញ្ញាតឲ្យធ្វើការងារនេះ។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា វាគ្មានលក្ខខណ្ឌដែលសម្ដេចត្រូវរុញឲ្យកូនប្រុសសម្ដេច ឡើងធ្វើជានាយករដ្ឋមន្ដ្រីនោះទេ ព្រោះថាពេលនេះ សម្ដេចជានាយករដ្ឋមន្ដ្រីទៅហើយ វាមិនចាំបាច់អីត្រូវរុញកូនឲ្យមកកាន់តំណែងជាអ្នកគ្រប់ប្រទេសនោះឡើយ។
ក្នុងនោះដែរអ្វីដែលធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន ត្រូវឆ្លើយបែបនេះបន្ទាប់មានកាសែតមួយបានផ្សាយថា សម្ដេចបានរុញឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជា មេបញ្ជាការកងទ័ពជើងគោក ឡើងធ្វើជានាយករដ្ឋមន្ដ្រី ហើយត្រូវសម្ដេចចំអកទៅកាសែតមួយនោះវិញថា «បើសម្តេចធ្វើនាយករដ្ឋមន្រ្តីហើយ តើកូនមកដណ្តើមតំណែងនេះធ្វើអ្វី?»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអាកាសែតណាមួយ ឃើញគេវាយឲ្យខ្ញុំ គេថា លោក ហ៊ុន សែន ហាក់ដូចជាកំពុងជំរុញកូនប្រុសច្បង ឲ្យឡើងធ្វើជានាយករដ្ឋមន្ដ្រី ប៉ុន្ដែចំពោះមុខនេះហាក់ដូចជា មិនមែនសញ្ញាណាអំពីការរុញឲ្យកូនប្រុសធ្វើនាយករដ្ឋមន្ដ្រីទេ។ ខ្ញុំគួរតែប្រាប់អស់លោកអ្នកថា បើឪវាកំពុងធ្វើហើយ វាមកដណ្ដើមធ្វើអី។ ខ្ញុំដូចជាឆ្ងល់ដែរ វាសរសេរមិនឡូហ្ស៊ិច»។
សម្ដេចបានបន្ដទៀតថា «សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ មានការចាំបាច់ដើម្បីដណ្ដើមយកតំណែង នាយករដ្ឋមន្ដ្រីពី ហ៊ុន សែន ទេនៅពេលដែលការឃោសនាបោះឆ្នោតប្រើឈ្មោះ ហ៊ុន សែន ដើម្បីឃោសនានោះ ពិតជាគ្មានការចាំបាច់ធ្វើរឿងនេះទេ។ ឯប្រទេសរបស់យើង ជាប្រទេសប្រជាធិបតេយ្យ ខ្ញុំមិនដឹងថាផ្សព្វព្រេងវាសនារបស់ខ្ញុំវាយ៉ាងមិចទេ បើគេមានលទ្ធភាពឲ្យគេជាប់ឆ្នោត ឲ្យគេធ្វើទៅ រឿងវាអីចឹង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា គោលបំណងរបស់សម្ដេច គឺមិនចង់ឲ្យកូនប្រុសរបស់សម្ដេច មកជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយនោះទេ ប៉ុន្ដែសម្ដេចមិនអាចហាមបាននោះឡើយ ហើយរហូតដល់ពេលនេះចៅស្រីរបស់សម្ដេចម្នាក់ កំពុងតែរៀនផ្នែកនយោបាយថែមទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងកាន់តំណែងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕

១១)ញាតិអើយជួយមើលចុះ​ ស្រ្តី​ម្នាក់​ក្រោយ មាន​ជំលោះ​ជា​មួយ​ប្តី ​បានប្រមាណ៥​ថ្ងៃ ​ថ្លើមធំហ៊ាន នាំ​ប្រុស​ថ្មី​ ដេក​ក្នុង​បន្ទប់របស់​ប្តី​ខណៈនោះប្ដីមក​ទាន់​ប្រពន្ធនៅជាមួយប្រុសថ្មី ហើយពេល​សួរ​នាំ​ ប្រពន្ធឆ្លើយថាទើប​បាន​២ដង​បានយកសោមកចាក់ជាប់ ហើយទៅប្ដឹងសមត្ថកិច្ចចាប់ខ្លួន បានទាំង២នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង​១០យប់​ ថ្ងៃទី​២២ ខែ​ តុលា​ឆ្នាំ​២០១៨​ នៅ​ បន្ទប់​ជាប់តូប​លក់​បន្លែ​ ផ្សារ​ជិនជូរី​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ។
សមត្ថកិច្ចឱ្យដឹងថា៖ ប្តី​ឈ្មោះ​ ខាំង​ ម៉ាប់ ​អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ លក់​បន្លែ​ជា​មួយ​ប្រពន្ធ​។ ប្រពន្ធ​ ឈ្មោះ​គន្ធី​ ស្រី​មុំ​ ​ អាយុ​២៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ​ នៅ​ផ្សារ​ជិនជូរី​​ មាន​ស្រុកកំណើតនៅ​ភូមិ​ព្រែក​តាជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។
ចំណែកប្រុស​ជា​ សហាយ​ ឈ្មោះ​ សល់​ សាល​ អាយុ​២៤ឆ្នាំ​ មុខរបរ​ដឹក​ទឹក​ ស្នាក់នៅ​ភូមិ​ ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​មាន​ស្រុកកំណើត នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​។ នៅមុខសមត្ថកិច្ចបុរស​ជា​ប្តី​ បាន​រៀបរាប់ឲ្យដឹង​ថា​
រូបគាត់​នឹង​ប្រពន្ធ​របស់​គាត់​ បាន​រៀបការ​តាម​ប្រពៃណី​ត្រឹមត្រូវ​ ជាង​៣ឆ្នាំ​មក​ហើយ​ មាន​កូន​ប្រុស​ម្នាក់ ​អាយុ​ជាង​មួយខួប​ ហើយនៅ​មុនពេល​កើតហេតុ​កាលពី​មុនពេល​ភ្ជុំ​បិណ្ឌ​ ​៦ថ្ងៃ គាត់បាន​ដឹង​​ថា ប្រពន្ធ​របស់​គាត់​ បាន​ទាក់ទង​ជាមួយ​បុរស​ខាង​លើ​ ដោយ​និយាយ​តាម​ទូរស័ព្ទ​ ហើយ​ក៏មានជំលោះជាមួយ​គ្នា​តិចតួច​បន្ទាប់​មក​ មុន​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ៥ថ្ងៃ​ ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ទៀត​ ហើយ​បាន​នាំគ្នា​ទៅ​សង្កាត់​ ដើម្បី​សុំ​លែងលះ​គ្នា​ ហើយ​ចៅ​សង្កាត់​មិន​អនុញ្ញាត​ឲ្យ​លែង​លះ​គ្នា​ភ្លាម​ៗ​នោះ​ទេ​។ ដោយអាជ្ញាធរសង្កាត់​ឲ្យ​ពួក​គាត់​ទាំ​ង​ពីរ​ បែក​គ្នា​មួយ​រយៈ​សិន​ ហើយ​បន្ទាប់​មក​រូប​គាត់​ បាន​ទៅ​នៅ​ជាមួយ​បង​ប្រុស​របស់​គាត់​ នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ គាត់​បាន​ទៅ​មើល​បង​ស្រី​ឈឺនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ហើយ​គាត់​បាន​ឈៀងចូល​ផ្ទះ​គាត់ដោយ​មាន​ការ​សង្ស័យ​ ​រាល់​យប់ប្រពន្ធ​របស់​គាត់​ ដេក​បើក​ភ្លើង​ ហើយ​នៅ​ពេល​យប់​នឹង​ ម្តេច​ក៏​ដេក​បិទ​ភ្លើង​ ។ ដោយមានការសង្ស័យ​​ គាត់​បានបើកបង្អួច​លួច​មើល​​ ស្រាប់​តែ​ឃើញ​ ប្រពន្ធ​របស់​គាត់​កំពុង​ដេក​ ជាមួយ​ប្រុស​ផ្សេង​ ដោយ​កូន​ប្រុស​តូច​ នៅ​អែបខាងហើយ​គាត់​បាន​ចាក់សោពីក្រៅ​ រួចហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។
ចំណែក​ស្រ្តី​ជាប្រពន្ធ​ បាន​សារភាព​ថា​ រូបគេមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ ប្រុសថ្មី​របស់​គាត់​ ជិត​២ខែ​មក​ហើយ​ តែ​បុរស​​ខាង​លើ​ ទើប​ទំនាក់ទំនង​ស៊ី​ជម្រៅ​ បាន​២លើក​ មុន​ថ្ងៃ​កើត​ហេតុ​ ចំនួន៥ថ្ងៃ​ ​បាន​រួម​រ័ក​បាន​ម្តង​ និង​ថ្ងៃ​កើត​ហេតុ​មិន​ទាន់​បាន​រួម​រ័ក​នោះឡើយ​ ព្រោះ​គាត់​ មិន​សូវ​ស្រួល​ខ្លួន​។
ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​នារី ​នឹងប្រុស​សហាយ ​យក​ទៅ​សួរ​នាំ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលកាកាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី​ ចំណែក​ស្រ្តី​ផិត​ប្តី​និង​សហាយ ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួនបណ្តោះអាសន្ន​សិន​ រង់ចាំបញ្ជូនបន្តទៅចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង