ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ទេសចរណ៍កំពង់ភ្លុក និងជ្រាវ ខេត្តសៀមរាប ត្រូវធានាថាជាសហគមន៍ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម

334


សៀមរាប៖ ការគ្រប់គ្រងសហគមន៍ទេសចរណ៍ នៅក្នុងតំបន់កំពង់ភ្លុក និងជ្រាវ ខេត្តសៀមរាប ឲ្យបានល្អស្របតាមស្តង់ដារសហគមន៍ជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាឲ្យបាននូវគុណភាពសេវា និង ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ត្រូវធានាថាជាសហគមន៍ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព ។

នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ លោក ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាព និងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និងកាណូតដឹកជញ្ជូនទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតំបន់ទាំងបីនេះ។

បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក លោក ថោង ខុន បានកោតសរសើរ និងបានណែនាំដល់ភគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តសហការគ្នាពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាអាទិភាពត្រូវរៀបចំកាណូតឲ្យបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូតត្រូវមានឯកសណ្ឋានត្រឹមត្រូវ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញមាន កាណូតទេសចរណ៍ទាំងអស់ ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញពីក្រសួងសាធារណការ ជាប្រចាំ និងត្រូវមានអាជ្ញាប័ណ្ណទេសចរណ៍ ជាចាំបាច់។ ត្រូវនាំគ្នាសិក្សា រៀនសូត្រពី ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ ឲ្យបានល្អស្របតាមស្តង់ដារសហគមនិជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាឲ្យបាននូវគុណភាពសេវា និង ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើងជាសហគមន៍ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព ។ ដើម្បីធានាការដឹកនាំពីក្រសួង មន្ទីរទេសចរណ៍ខេត្តត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធានមន្ទីរ ១រូប ចុះពិនិត្យ តាមដាន និងរាយការណ៍ជាប្រចាំជូនមន្ទីរ ខេត្ត និងក្រសួង។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការ​បង្កើត​ប្រាក់​​ចំណូលដែលទទួលបានពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៍ សេវាម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និង​ជីវៈ​ជម្រុះ​ប្រកប​ដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែ​បម្រួលអាកាសធាតុ និងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន។ ប៉ុន្តែជារួម ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ មូលដ្ឋានទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងតែមួយគត់ គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ តាមរយៈការរកចំណូលបន្ថែម ដែលបានមកពីវិស័យទេសចរណ៏។

សូមជម្រាបថា តំបន់ទន្លេសាប ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ បន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ៥០ភាគរយ ទៅទស្សនាតំបន់ទន្លេសាប ( មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរក្នុងស្រុក) ក្នុងនោះ តំបន់ចុងឃ្នៀស ទទួលទេសចរបានប្រមាណពី ១០០០-១៥០០នាក់ ក្នុងមួយថ្ងៃ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរប្រមាណ ៨០០-១០០០នាក់ ក្នុងមួយថ្ងៃ ហើយក្រៅពីនេះ ទេសចរបានទៅទស្សនា នៅសហគមន៍ជ្រាវ មេជ្រៃ និងសហគមន៍ទេសចរណ៍ផ្សេងៗទៀត។ បច្ចុប្បន្ននទេសចរអន្តរជាតិ ទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ពាន់នាក់ ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង