ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន ថាមីស៊ីល ICBM ​ដែលកូរ៉េខាងជើងធ្វើតេស្តព្រឹកមិញនេះ មានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិកទាំងមូល

70

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ គឺជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលអាចមានសមត្ថភាពវាយប្រហារគ្រប់ទីកន្លែងនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shingo Miyake បានបញ្ជាក់ថាបើគណនាលើគន្លងបាញ់ និងទម្ងន់ក្បាលគ្រាប់ មីស៊ីល ICBM ដែលកូរ៉េខាងជើង បានធ្វើតេស្ដបាញ់នៅពេលនេះ គឺអាចហោះបានក្នុងរយៈចម្ងាយលើស ១៥,០០០គីឡូម៉ែត្រ ពោលគឺអាចមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក ទាំងមូល។ លោកបន្ថែមថាអំឡុងបាញ់តេស្ត មីស៊ីលនេះហោះបានក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ និងរយៈកម្ពស់លើស ៦,០០០គីឡូម៉ែត្រ ព្រមទាំង ហោះរយៈពេល ៧៣នាទី ហើយនៅម៉ោងប្រមាណ ៩៖៣៧នាទីព្រឹក (ម៉ោងក្នុងតំបន់) ទើបមីស៊ីលនេះធ្លាក់ក្នុងសមុទ្រជប៉ុន ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីភាគពាយព្យនៃកោះ Okushiri នៃកោះ Hokkaido។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង រៀងៗខ្លួន ដោយចាត់ទុកថានេះជាទង្វើបង្កការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ តែជារឿយៗកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្តអាវុធគឺជាសិទ្ធិស្វ័យការពារខ្លួន៕

អត្ថបទដែលជាប់ទាក់ទង