ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសព្រះមុនីវង្ស នឹងសាងសង់ជំហានទី១រួចរាល់ នៅមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ

68

ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)ដែលជាស្ពានអាកាសទី៨នៅកម្ពុជា នឹងបញ្ចប់ការសាងសង់ជំហានទី១នៅខែមេសាឆ្នាំ២០២៤ខាងមុខនេះ ពោលគឺបញ្ចប់ការសាងសង់មុនការកំណត់រហូតដល់ រយៈពេល៤ខែ។

  នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកឯកឧត្តម កើត ឆែអភិបាលរងរាជធានីភ្នំពេញ។តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនារាត្រីថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម កើត ឆែ បានសរសេរដូច្នេះថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤(ក្នុងគម្រោងខែសីហា ២០២៤)”។ចំណែកឯជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។

  ឯកឧត្តមបានសរសេរថាបច្ចុប្បន្នភាពស្ពានអាកាសព្រះមុនីវង្ស កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ

  គួរឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៣នេះ នៅក្នុងប្រទេសកម្ពុជាមានស្ពានអាកាសដែលសាងសង់រួចរាល់ និងកំពុងសាងសង់ចំនួន៨ស្ពាន គឺទី១/ស្ពានអាកាសក្បាលថ្នល់ ទី២/ស្ពានអាកាស៧មករា ពេទ្យលោកសង្ឃទី៣/ស្ពានអាកាសស្ទឹងមានជ័យ  ទី៤/ស្ពានអាកាស៥មករា  ទី៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិន ស្ដុបផ្សារដីហុយ ទី៦/ស្ពានអាកាស និងស្ពានក្រោមដីចោមចៅ ទី៧/ស្ពានអាកាសឬស្សីកែវ និងទី៨ស្ពានអាកាសស្ពានអាកាសព្រះមុនីវង្ស(កំពុងសាងសង់)។ជាមួយគ្នានេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩របស់ខ្លួន នៅចំណុចស្តុបសិនជូរីផ្លាហ្សា ប្រសព្វជាមួយមហាវិថីសម្ដេចចៅហ្វាវាំង រវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) នាពេលឆាប់ៗខាងមុខនេះ ស្ពាននេះ នឹងសាងសង់ដោយក្រុមហ៊ុន OCIC ដូចគ្នានឹងស្ពានអាកាសព្រះមុន្នីវង្សដែរ៕

 

អត្ថបទដែលជាប់ទាក់ទង