ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំក្រុម Houthi របស់ប្រទេសយេម៉ែន បានព្រមានថា នឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន កំណត់គោលសំដៅលើប្រទេសយេម៉ែន

59

 

បរទេស ៖ បើតាមការចេញផ្សាយព័ត៌មានរបស់ទីភ្នាក់សារព័ត៌មាន Reuters បានឲ្យដឹងថា កាលពីថ្ងៃពុធ មេដឹកនាំក្រុម Houthi របស់ប្រទេសយេម៉ែនបានព្រមានថា ពួកគេនឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន វាយប្រហារសំដៅលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលនៅក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានបង្កើតកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុម Houthi លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

ក្រុម Houthis ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ហើយចាប់តាំងពីខែមុនបានបញ្ជាយន្តហោះគ្មានមនុស្សបើក និងបាញ់កាំជ្រួចមីស៊ីលវាយប្រហារទៅលើនាវាអន្តរជាតិជាច្រើនគ្រឿង ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមដោយនិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។

គំនិតផ្តួចផ្តើមផ្នែកសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងបង្ហាញាថា ទីក្រុងវ៉ាស៊ីនតោន និងប្រទេសចំនួនដប់ផ្សេងទៀត ដែលភាគច្រើនជាសមាជិករបស់អង្គការណាតូធ្វើការល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុម Houthi នាពេលខាងមុខ ដោយការវាយប្រហារ ទាំងនោះបានបណ្តាលឲ្យខ្សែដឹកជញ្ជូនរបស់នាវាពិភពលោកធំៗប្តូរទិសទៅជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ។

លោក Abdel-Malek al-Houthi មេដឹកនាំចលនាHouthiបាននិយាយថា “យើងនឹងមិននៅស្ងៀមឡើយ ប្រសិនបើជនជាតិអាមេរិកមានសកម្មភាពបន្ត និងប្រព្រឹត្តអំពើល្ងង់ខ្លៅ ដោយកំណត់គោលដៅ ឬធ្វើសង្រ្គាម ប្រឆាំងនឹងប្រទេសរបស់យើង”៕

អត្ថបទដែលជាប់ទាក់ទង