ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់បញ្ជីថ្លៃលក់អគ្គិសនីសម្រាប់ អ្នកប្រើប្រាស់គ្រប់ប្រភេទ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងពីបណ្តាញចែកចាយ មានប្រភពពីបណ្តាញជាតិរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន សម្រាប់ឆ្នាំ២០២៤

47

 

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីការពិគ្រោះយោបល់សាធារណៈ លើគម្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងពីបណ្តាញចែកចាយមានប្រភពពីបណ្តាញជាតិរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន សម្រាប់ឆ្នាំ២០២៤ ។

អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី របស់អ្នកផ្គត់ផ្គង់អគ្គិសនីឯក់ជនចំនួន ៣៤២ អាជ្ញាបណ្ណ គ្របដណ្ដប់លើភូមិសាស្ត្រ ២៤ រាជធានី-ខេត្ត ដែលបានទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ មាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមាន ជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្ត ស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដូចមានឧបសម្ព័ន្ធភ្ជាប់ជាមួយ ឲ្យបានជ្រាបថា យោងតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លេខ ០៤០៨ រថ.បគអថ.ប្រក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យ អនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ គឺ រក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនី ឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនី លើកលែងតែ ថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ដាក់ផែនការឱ្យ អនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាស លេខ០១៥៩ រថ.ថកថ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពី “គោលការណ៍ សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” ជាផ្លូវការរួចរាល់ ទើបកំណត់ឱ្យអនុវត្ត តាមអត្រាថ្លៃប៉ះប៉ូវ ពីអ្នកប្រើប្រាស់ដែលមានប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងពីបណ្តាញ ចែកចាយមានប្រភពពីបណ្តាញ ជាតិរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលត្រូវអនុវត្តចំពោះថាមពលប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ តាមប្រភេទអ្នកប្រើប្រាស់ និងអត្រាថ្លៃលក់អគ្គិសនី។

អនុវត្តតាមនីតិវិធីកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាសូមដាក់ “បញ្ជីថ្លៃលក់អគ្គិសនី” នេះ ពិគ្រោះយោបល់ជាសាធារណៈ ជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់អគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីឯកជនទាំង ៣៤២ អាជ្ញាបណ្ណ ដូចមានបញ្ជាក់ក្នុងឧបសម្ព័ន្ធ ភ្ជាប់ជាមួយ ចាប់ពីថ្ងៃជូនដំទាំងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ ក្រោយថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ “បញ្ជីថ្លៃលក់អគ្គិសនី” នេះ នឹងត្រូវចាត់ទុកថាបានឆ្លងកាត់ការពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនីកម្ពុជា អាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រ កម្ពុជា ។

ដើម្បីឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាអាចអនុវត្តការកំណត់បញ្ជីថ្លៃលក់អគ្គិសនី ស្របទៅតាមច្បាប់ស្តីពីអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាសំណូមពរសុំឲ្យការផ្ដល់យោបល់មកឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា មានមូលដ្ឋានសំអាងគ្រប់គ្រាន់ ដើម្បីរក្សាបានយុត្តិធម៌រវាងផលប្រយោជន៍របស់អ្នកប្រើប្រាស់ផង និងអ្នកផ្គត់ផ្គង់ផង់ ។ បញ្ជីថ្លៃលក់អគ្គិសនី ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ០៥៤.អនក្រ.បក មានតម្កល់ទុក នៅ អាជ្ញាធរអគ្គិសនីកម្ពុជា ទីស្នាក់ការផ្គត់ផ្គង់អគ្គិសនីឯកជន សាលារាជធានី-ខេត្តទាំង ២៤ សាលាស្រុក-ខណ្ឌ និង សាលាឃុំ-សង្កាត់ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ មានក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់ ដែលមានចំណាប់អារម្មណ៍ ពិនិត្យដោយសេរី នៅគ្រប់ពេលម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង