ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការធ្វើវិនិយោគខុសច្បាប់

51

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការធ្វើវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT ហើយមានសមាជិកក្នុងក្រុម សរុបចំនួន ៩.៣៩១ នាក់។

ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួម ក្នុងការធ្វើវិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាម ផ្លូវច្បាប់ចំពោះករណីនេះ។

ទន្ទឹមនេះ ក្រសួងយុត្តិធម៌សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ និងសូមចាកចេញពីក្រុមតេឡេក្រាមបែបនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោក ធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង