ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខណ្ឌប្ញស្សីកែវប្រើរយៈពេល ០៤ថ្ងៃ ស្រាវជ្រាវកំណត់អត្តញ្ញាណជនស្ស័យបាន និងឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ យកកាំបិតភ្ជង់ប្លន់ម៉ូតូ

62

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុង បានបើកការស្រាវជ្រាវ រយៈ៤ថ្ថៃ រហូតឈានកំណត់បានមុខសញ្ញា និងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះម្នាក់ នៅត្រង់ចំណុចម្តុំដើមប្រេងខ្យល់ ស្ថិតនៅកាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩:០៥នាទី ។

ពាក់ព័ន្ឋករណីនេះ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានជម្រាបជូនដល់បណ្តាអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩:០៥នាទី មានករណីអំពើប្លន់ យកម៉ូតូ ត្រង់ចំណុចម្តុំដើមប្រេងខ្យល់ ស្ថិតនៅកាំកូស៊ីធី ផ្លូវលេខ ១០០៣ ក្រុមទី៩ ភូមិគង្គា រផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ ជី សុបញ្ញារិទ្ធ និងឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ក្នុងគោលបំណងចេញធ្វើសកម្មភាពលួច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះឈប់ម៉ូតូឈរជុះនោមនៅតែម្នាក់ឯង ដោយមានសភាពស្ងប់ស្ងាត់ ជនសង្ស័យទាំង ០២នាក់ ក៏បានឈប់ម៉ូតូក្បែរកន្លែងកើតហេតុ រួចឱ្យជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូទៅមុន ចំណែកឯ ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ យកដាវកែច្នៃដែលលាក់ទុកក្នុងកែបម៉ូតូ កាន់ ដើរទៅក្នង់កជនរងគ្រោះឈ្មោះ សាក់ ពិសី គំរាមប្លន់យកម៉ូតូ ដោយមានការភ័យខ្លាច ជនរង គ្រោះក៏បានរត់គេចខ្លួនចេញ ភ្លាមនោះ ជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ពេលនោះ ជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយ និងស្រែកចោៗផ្អើលឆោឡោ ពេលអ្នកធ្វើ ដំណើរតាមផ្លូវឃើញក៏ជួយដេញតាមតែដេញមិនទាន់ ចំណែកឯជនសង្ស័យក៏បាននាំគ្នាជិះម៉ូ តូគេចខ្លួនបាត់។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់ថា រូបខ្លួនបានចេញពីផ្ទះជិះម៉ូតូតាមផ្លូវ បុរីអង្គរ លុះមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូចុះបត់ជើងតូច ស្រាប់តែមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានយកកាំបិតមកក្នង់កគំរាមយកម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម រួច ជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះទៅត្រួតពិនិត្យកន្លែង កើតហេតុ និងបានស្នើសុំសហការពី ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ ក្នុងរយៈពេល ០៤ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តញ្ញាណជនស្ស័យបាន និងឈានដល់ ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បានត្រង់ចំណុច ផ្លូវលេខ ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ វេលា ម៉ោង២៣:៣០នាទី ព្រមទាំងដកហូតម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលឈរនៅលើ ចិញ្ចើមផ្លូវ ម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន ៧០០ដុល្លារ ហើយបានយកមកចែកឱ្យជនសង្ស័យ ឈ្មោះ រ៉ាយ រ៉ាវុធ ចំនួន ៣០០ដុល្លា នាំគ្នាស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ០២នាក់ខាងលើ គឺជាមុខសញ្ញាសកម្ម និងមិនរាងចាល កន្លងមកជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធធ្វើសកម្មភាពលួចម៉ូតូ ប្រព្រឹត្តនៅសង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីបង្គាប់ឱ្យឃុំខ្លួន លេខ៤៨៣០ “ខ”ដ.ឃ.ដ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តត្រង់ ចំណុចក្រោមជណ្តើរបន្ទប់ជួល ស្ថិតនៅផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បង្គាប់ឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ ទី១(ម១)។

តាមចម្លើយរបស់ជនសង្ស័យ ៖ ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ចំនួន ០២លើក ជាប់ពន្ធនាគារចំនួន ០១លើក រីឯជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ធ្លាប់ធ្វើសកម្មភាពលួច និងជាប់ពន្ធនាគារចំនួន ០១លើក។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងដកហូត ម៉ូតូ ០១គ្រឿង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបំភ្លឺ និងកសាងសំណុំរឿងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

១-ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ហៅក្រៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។

២-ជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន)។ វត្ថុតាងដកហូតម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 1AC-7327 ។

ចំណេកជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1IN-8015៕

អត្ថបទដែលជាប់ទាក់ទង